ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត ដឹកនាំប្រតិភូ នាំយកអំណោយក្រសួងមហាផ្ទៃ ចុះសួរសុខទុក្ខ និងលើកទឹកចិត្តកងកម្លាំងជួរមុខខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ក្នុងបេសកកម្មចុះជួបសំណេះសំណាលផ្ទាល់ជាមួយកងកម្លាំងវរនគរបាលការពារព្រំដែននៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មកប្រគល់ជូនកងកម្លាំងនគរបាលជួរមុខទាំង៤វរសេនាតូច និងអធិការដ្ឋានក្រុង-ស្រុកជាប់ព្រំដែនទាំង៦ ក្នុងខេត្តបន្ទាយមានជ័យ ដើម្បីជាការតបស្នង និងលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងការពារបូរណភាពដែនដី។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្ត បានថ្លែងអំណរគុណ និងសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក៏ដូចជាឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត ដែលតែងតែចុះមកពិនិត្យផ្ទាល់ និងយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់កងកម្លាំងគរបាលដែលឈរជើងនៅតាមបន្ទាត់ព្រំដែន។

ជាការឆ្លើយតប ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត បានវាយតម្លៃខ្ពស់ចំពោះពលិកម្មដ៏ធំធេងរបស់កងកម្លាំងជួរមុខ និងបានដាក់ចេញនូវអនុសាសន៍គន្លឹះចំនួន៤ គឺ៖ ទី១) ត្រូវបន្តពង្រឹងប្រសិទ្ធភាពការងារការពារព្រំដែន ទី២) ត្រូវយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ទី៣) ត្រូវគោរពវិន័យ និងក្រមសីលធម៌វិជ្ជាជីវៈឱ្យបានម៉ឺងម៉ាត់ និង ទី៤) ត្រូវប្តេជ្ញាបម្រើជាតិនិងមាតុភូមិដោយស្មារតីទទួលខុសត្រូវខ្ពស់។

អំណោយដែលនាំយកមកចែកជូនថ្ងៃនេះមួយចំនួនជារបស់ក្រសួងមហារផ្ទៃ មួយចំនួយជាការចូលរួមរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងសប្បុរសជនរួមមាន៖ ថវិកាសម្រាប់ស្នងការដ្ឋាន ៥លានរៀល, វរសេនាតូចព្រំដែនគោកទាំង៤ ចំនួន ១២លានរៀល, អង្ករនាងមិញ ១០តោន, មីជាតិ ១០០កេស, ទឹកត្រី ១០០យួរ, ទឹកស៊ីអ៊ីវ ១០០យួរ, ការ៉ុង ២០.០០០សន្លឹក ,ភេសជ្ជៈ Cambodia Energy Drink ៥០កេស. ,ភេសជ្ជ: Dazz Zero Suger Can ៥០កេស ,នំស្រួយប្រៃផ្អែម ២០០កេស ,ទឹកសុទ្ធកម្ពុជា ២០០កេស ,នំស្រួយប្រៃផ្អែម ២០០កេស និងប្រព័ន្ធសូឡាព្រមទាំងអាគុយចំនួន ១០ឈុត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *