បន្ទាយមានជ័យ ៖ ថ្លែងទៅកាន់សិស្សានុសិស្ស ក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា លើកទី២៦ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា «អក្ខរកម្ម» ជួយឱ្យកុមាររួចផុតពីភាពអវិជ្ជា ជួយបង្កើនសមត្ថភាពក្នុងការអាន ការសរសេរ និងការគិតលេខ ដែលជាគ្រឹះយ៉ាងសំខាន់បំផុតសម្រាប់មនុស្សគ្រប់រូប ជាពិសេសសម្រាប់កុមារតូចៗ។
ទិវាអក្ខរកម្មជាតិ ៨ កញ្ញា លើកទី២៦ ត្រូវបានប្រារព្ធធ្វើឡើងនៅវិទ្យាល័យស្វាយចេក មានការចូលរួម មន្ទីរ-អង្គភាពនានាជុំវិញខេត្ត អ្នកពាក់ព័ន្ធ អង្គការសង្គមស៊ីវិល វិស័យឯកជន លោកនាយក លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋ យុវនកាកបាទក្រហម សសយក សិស្សានុសិស្ស ចូលរួមយ៉ាងច្រើនកុះករ នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦។
ឯកឧត្ដម អភិបាលខេត្ត បន្តថា នៅក្នុងសង្គមបច្ចុប្បន្នការអប់រំ និងអក្ខរកម្មត្រូវបានប្រៀបប្រដូចទៅនឹងពន្លឺបំភ្លឺផ្លូវ ដែលអាចស្រោចស្រង់កុមារឱ្យចាកផុតពីអន្ធកាលនៃ «ភាពអវិជ្ជា» ហើយភាពអវិជ្ជា គឺជាឧបសគ្គដ៏ធំបំផុតដែលរារាំងការអភិវឌ្ឍផ្នែកប្រាជ្ញាស្មារតី ស្មារតីទទួលខុសត្រូវ និងអនាគតរបស់កុមារ។
ឯកឧត្ដម អភិបាលខេត្ត បន្ថែមថា នៅពេលដែលកុមារទទួលបានការអប់រំ និងមានអក្ខរកម្មរឹងមាំ ពួកគេទទួលបាននូវចំណេះដឹង និងជំនាញជីវិតសំខាន់ៗជាច្រើន ដូចជា ៖ ការចេះអាន និងសរសេរ អនុញ្ញាតឱ្យកុមារអាចស្វែងយល់ពីសៀវភៅ ព័ត៌មាន និងបច្ចេកវិទ្យាថ្មីៗ ដែលជាទុនក្នុងការអភិវឌ្ឍគំនិតច្នៃប្រឌិត និងការគិតពិចារណាដោយហេតុផល ហើយអក្ខរកម្ម គឺជាសំបុត្របើកផ្លូវឆ្ពោះទៅរកការសិក្សាថ្នាក់ខ្ពស់ និងការទទួលបានការងារល្អៗនាពេលអនាគត មានភាពក្លាហានក្នុងការបញ្ចេញមតិយោបល់ មានទំនុកចិត្តលើខ្លួនឯង និងចេះការពារខ្លួនពីការបោកប្រាស់ ឬការរំលោភបំពានផ្សេងៗ។
លើសពីនេះ ឯកឧត្ដម អភិបាលខេត្ត ក៏អំពាវនាវដល់អណាព្យាបាល សហគមន៍ សាលារៀន ជំរុញដល់កូនៗឱ្យចូលរៀនបានគ្រប់ៗគ្នា ដើម្បីចូលរួមក្នុងការលើកកម្ពស់ការសិក្សារបស់កុមារ គឺជាកាតព្វកិច្ចមិនអាចខ្វះបាន ដើម្បីធានាថា «កុមារគ្រប់រូបទទួលបានពន្លឺនៃអក្ខរកម្មស្មើៗគ្នា»៕

