ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រឹកថ្ងៃទី ១៦ ខែកក្កដា ២០២៦ នៅសាលាស្រុកក្រគរ បានអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ទូទាំងស្រុក ដើម្បីស្វែងយល់ពីស្ថានភាពការងារអប់រំ លើកទឹកចិត្តបុគ្គលិកអប់រំ និងជំរុញការអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយគុណភាព!

 

ក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា បានប្រគល់ពានស្ដង់ដាសាលារៀនគំរូ ឆ្នាំ២០២៥ ដល់សាលាអនុវិទ្យាល័យអន្លង់ត្នោត និងប្រគល់វិញ្ញាបនបត្រ ទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូកម្រិតរាជធានី ខេត្ត ឆ្នាំ២០២៥ ដល់សាលាអនុវិទ្យាល័យអន្លង់ត្នោត និងសាលាបឋមសិក្សាឈើតុំ។

ឯកឧត្តមបានថ្លែងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការបណ្តុះបណ្តាលសិស្សានុសិស្សឱ្យមានចំណេះដឹង សីលធម៌ វិន័យ និងបំនិនជីវិត សម្រាប់ក្លាយជាធនធានមនុស្សដ៏មានតម្លៃក្នុងការអភិវឌ្ឍប្រទេសជាតិ។

ឯកឧត្តមបានគូសបញ្ជាក់ថា ការអប់រំគឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ខណៈលោកគ្រូ អ្នកគ្រូ គឺជាអ្នកបង្កើតធនធានមនុស្ស និងជាអ្នកបំភ្លឺផ្លូវចំណេះដឹងដល់យុវជនជំនាន់ក្រោយ។ ដូច្នេះ គ្រប់ភាគីពាក់ព័ន្ធត្រូវរួមគ្នាពង្រឹងគុណភាពអប់រំ និងបង្កើតបរិយាកាសសិក្សាដែលល្អប្រសើរ។

ជាមួយគ្នានេះ ឯកឧត្តមក៏បានលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ឱ្យចូលរួមថែរក្សាបរិស្ថានក្នុងបរិវេណសាលារៀន តាមរយៈការដាំដើមឈើ ជាពិសេសដើមក្ងោក ដែលជាប្រភេទដើមឈើផ្តល់ម្លប់ សោភ័ណភាព និងបរិយាកាសបៃតង។ ឯកឧត្តមបានណែនាំឱ្យមានការថែទាំ ស្រោចទឹក កាត់សម្អាត និងការពារដើមឈើឱ្យបានល្អ ដើម្បីធានាការលូតលាស់ប្រកបដោយនិរន្តរភាព និងរួមចំណែកកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។

ឯកឧត្តមបានបន្ថែមថា សាលារៀនមិនត្រឹមតែជាកន្លែងផ្តល់ចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទីកន្លែងបណ្តុះស្មារតីស្រឡាញ់បរិស្ថាន ស្រឡាញ់ធម្មជាតិ និងការទទួលខុសត្រូវចំពោះសហគមន៍ផងដែរ។ ការដាំ និងថែរក្សាដើមឈើនៅតាមសាលារៀន គឺជាគំរូដ៏ល្អសម្រាប់សិស្សានុសិស្សក្នុងការចូលរួមអភិរក្សបរិស្ថាន និងកសាងសាលាបៃតងស្អាត។

តាមរយៈជំនួបសំណេះសំណាលនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្តពោធិ៍សាត់ ចំពោះវិស័យអប់រំ ការអភិវឌ្ឍធនធានមនុស្ស និងការលើកកម្ពស់បរិស្ថានបៃតង ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព។

ក្រោយបញ្ចប់ពិធីសំណេះសំណាល ឯកឧត្តមអភិបាលខេត្ត បានដឹកនាំក្រុមការងារសាលាស្រុកក្រគរ ចុះពិនិត្យ និងកាត់តម្រឹម តែងមែកឈើនៅតាមបណ្តោយទ្រូងផ្លូវជាតិលេខ៥ ដើម្បីលើកកម្ពស់សោភ័ណភាព បង្កើតបរិស្ថានស្អាត និងធានាសុវត្ថិភាពដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋតាមដងផ្លូវ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *