លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ចាត់តាំងក្រុមការងារការិយាល័យសុខាភិបាលចុះពិនិត្យសុខភាព ជូនកម្លាំងនគរបាលជាតិដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែនជួរមុខ

បន្ទាយមានជ័យ: អនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញបទបញ្ជាដល់លោកឧត្តមសេនីយ៍ត្រី ម៉ក់ ឧត្តម ស្នងការរងផែនការងារនគរបាលព្រំដែន និងលោកស្រី វរសេនីយ៍ទោ សែ សុវ៉ារី នាយការិយាល័យសុខាភិបាល ដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យសុខភាព ជូនកងកម្លាំងនគរបាលជាតិ ដែលកំពុងប្រចាំការឈរជើងជួរមុខតាមបន្ទាន់ព្រំដែនកម្ពុជា-ថៃ។

កម្លាំងនគរបាលដែលមកពពិនិត្យសុខភាពថ្ងៃនេះមានចំនួន៤ វរ:សេនាតូចនគរបាលការពារព្រំដែនគោក៨០៧, ៨១៥,៨៩១,៩១១ និងមួយចំនួនជាកម្លាំងអធិការដ្ឋាន។ ក្រុមការងារគ្រូពេទ្យ នៃការិយាល័យសុខាភិបាលក៏បានធ្វើការបើកថ្នាំមួយចំនួនចែកជូនដល់កងកម្លាំងនគរបាលសម្រាប់ប្រើប្រាស់ រួមមាន: ថ្នាំព្យាបាលទឹកនោមផ្អែម Metformin 500mg ចំនួន4000គ្រាប់​ Glimepiride 2mg ចំនួន4000គ្រាប់និងថ្នាំបញ្ចុះសម្ពាធឈាម​ Amlodipine 5mg ចំនួន​ 5000គ្រាប់ និងបានផ្តល់ឃីតបន្ថែមម្នាក់១កញ្ចប់ ដែលក្នុងនោះមាន ទឹកលាបរបួស១ដប​ ទឹកលាងរបួស១ដប​ កុំប្រែសស្ទេរីល២កញ្ចប់​ ថ្នាំVitamin C ១បន្ទះ​ Paracetamol 500mg ២បន្ទះ​ ថ្នាំបាត់រាគ​ ១បន្ទះ​ ថ្នាំបាត់ចុកពោះ១បន្ទះ​ និងថ្នាំបំបាត់ការឈឺចាប់​ ១បន្ទះផងដែរ។

លោកឧត្តមសេនីយ៍ត្រី ម៉ក់ ឧត្តម ក៏បានថ្លែងមតិសំណេះសំណាល សួរសុខទុក្ខ និងបានណែនាំដល់កងកម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ចំពោះសុខភាព ព្រោះពេលនេះជារដូវវស្សា មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ មានមូសច្រើន ងាយបង្ករឲ្យមានជម្ងឺគ្រុនចាញ់, គ្រុនឈាម និងជម្ងឺអាសន្នរោគផ្សេងៗ នាំឲ្យប៉ះពាល់ដល់ការបំពេញ តួនាទី ភារកិច្ច និងប្រសិទ្ធភាពការងារ និងការរស់នៅប្រចាំថ្ងៃ ដូច្នេះត្រូវមានអនាម័យជានិច្ចទើបគេចផុតពីការកើតជម្ងឺ៕
អត្ថបទដោយ: វ.ទោ ប៊ុន សំណាង
រូបភាពដោយ:វ.ទោ រ៉ឹង រដ្ឋា ,វ.ទោ រី តារា

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *