បន្ទាយមានជ័យ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជេីញជួបសំណេះសំណាល សាកសួរសុខទុក្ខ អតីតយោធិន នៃកងរាជអាវុធហត្ថសោធននិវត្តន៍ ពិការ និងគ្រួសារពលីមរណៈ ដេីម្បីអបអរសាទរខួបអនុស្សាវរីយ៍លេីកទី៣៣ នៃទិវាបង្កេីតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣- ១៤ កក្កដា ២០២៦)។
ពិធីនេះក៏មានការអញ្ជេីញចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង០៩ ពិធីនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំអគារសេនាធិការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ។
ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនដល់អតីតយោធិន នៃកងរាជអាវុធហត្ថសោធននិវត្តន៍ ពិការ និងគ្រួសារពលីមរណៈ ដោយក្ដីនឹករលឹក។ និងបានរំលឹកដឹងគុណគោរពវិញ្ញាណក្ខន្ធវីរៈកងទ័ព វរៈនគរបាល និងវីរៈអាវុធហត្ថ ដែលបានពលីក្នុងសមរភូមិនៃការប៉ះទង្គិចគ្នានាពេលកន្លងទៅផងដែរ។
លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការក៏បានបញ្ជាក់ថា អតីតយោធិន សោធននិវត្តន៍ ទទួលបានការយកចិត្តទុក្ខដាក់ពីប្រមុខថ្នាក់ដឹកនាំ ទទួលបានប្រាក់សោធន៍ប្រចាំខែ និងប្រាក់ឧបត្ថម្ភផ្សេងៗពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏ដូចជាសមាគមអតីតយុទ្ធជន និងវត្តន៍ជនកម្ពុជា។ លោកបន្តថា អតីតយោធិន សោធននិវត្តន៍ គឺជាស្ថាបនឹក និងជាប្រតិបត្តិករដ៏សំខាន់នៃ «នយោបាយឈ្នះ-ឈ្នះ» ដែលបានបន្សល់ទុកនូវស្នាដៃធំៗសម្រាប់ប្រទេសជាតិ ការពារទឹកដី បានលះបង់សាច់ស្រស់ ឈាមស្រស់ ក្នុងការរំដោះប្រទេសជាតិ និងការពារបូរណភាពទឹកដី ដែលនាំមកនូវសន្តិភាពពេញលេញ ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការបញ្ចប់សង្គ្រាមស៊ីវិលរ៉ាំរ៉ៃ និងបង្កើតបាននូវសន្តិភាព និងការឯកភាពជាតិ។ និងបានចូលរួមកសាង អភិវឌ្ឍន៍ បន្ទាប់ពីបញ្ចប់សង្គ្រាម អតីតយុទ្ធជនបានផ្លាស់ប្តូរដៃកាន់អាវុធចូលរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។
សូមបញ្ជាក់ថា អតីតយោធិន នៃកងរាជអាវុធហត្ថ សោធននិវត្តន៍ ពិការ និងគ្រួសារពលីមរណៈសរុបចំនួន៨៩នាក់ ក្នុងនោះយោធិនចូលសោធននិវត្តន៍ ចំនួន៥៣នាក់, យោធិនពិការ ចំនួន១៤នាក់, គ្រួសារយោធិនពលី មរណៈ ចំនួន ២២នាក់។ ដោយក្នុងម្នាក់ៗទទួលបាន ៖ អង្ករ ០២ការ៉ុង ( ៥០ គីឡូក្រាម ), មី ០២កេស, ទឹកបរិសុទ្ធ ០៤កេស, ទឹកក្រូចកម្ពុជាកូឡា ០៤កេស រួមនឹងថវិកា ២០ម៉ឺនរៀលផងដែរ៕

