បន្ទាយមានជ័យ៖ អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដោយមានការយកចិត្តទុកដាក់ពីសំណាក់ លោកឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ បានចាត់តាំងលោកឧត្ដមសេនីយ៍ត្រី វង្ស វិត ស្នងការរងផែនការងារធនធានមនុស្ស អមដំណើរដោយលោកវរសេនីយ៍ឯក សុី ឌី អធិការ នៃអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ ព្រមទាំងកងកម្លាំងនគរបាលជាច្រើនរូបចូលរួមគោរពវិញ្ញាណក្ខន្ធ និងនាំយកថវិកាចំនួន ៧,១០០,០០០លានរៀលក្នុងនោះថវិការបស់សមាគមមិត្តនគរបាលជាតិកម្ពុជាចំនួន៦លានរៀល និងថវិការបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យចំនួន១,១០០,០០០លានរៀល យកមកប្រគល់ជូនដល់តំណាងគ្រួសារសពលោកអនុសេនីយ៍ឯក ហ៊ុំ សានី នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលម្កាក់ នៃអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ បានទទួលមរណភាព ដោយជំងឺទឹកនោមផ្អែម។ សពបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋាននៃសពស្ថិតនៅភូមិក្បាលស្ពាន សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ក្នុងឳកាសដ៏ក្រៀមក្រំនោះដែរ លោកឧត្ដមសេនីយ៍ត្រី វង្ស វិត បានពាំនាំការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះចំពោះក្រុមគ្រួសារសពពីសំណាក់ លោកឧត្ដមសេនីយ៍ស្នងការ នឹងបានចូលរួមសោកស្តាយជាមួយក្រុមគ្រួសារសព ចំពោះការបាត់បង់ស្វាមី លោកឪពុក ជាទីស្រឡាញ់ដ៏ជ្រាលជ្រៅ ដែលធ្លាប់បានផ្តល់នូវព្រហ្មវិហារធម៌ចំពោះក្រុមគ្រួសារនាគ្រាកន្លងមក ។
ជាចុងក្រោយលោកសូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុសាកសិទ្ធិក្នុងលោកសូមជួយដឹកនាំវិញ្ញាណក្ខន្ធរបស់លោកអនុសេនីយ៍ឯក ហ៊ុំ សានី សូមទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡេីយ៕

