ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ចុះជួបសំណេះសំណាលនិងចែកអំណោយ ជូនពលរដ្ឋជនភៀសសឹក គ្រួសារម៉ូតូឌុប និងពលរដ្ឋប៉ះពាល់ដោយសារសង្គ្រាមឈ្លានពាន ចំនួន ៣ ទីតាំងផ្សេងគ្នា

(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាល និងចែកអំណោយ ជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក គ្រួសារម៉ូតូឌុប និងពលរដ្ឋរងប៉ះពាល់ដោយសារសង្គ្រាមថៃឈ្លានពាន ចំនួន៣ទីតាំងផ្សេងគ្នា ចំនួន១,១០៥គ្រួសារ ក្នុងនោះទីតាំងទី១ នៅស្នាក់ការគណបក្សខេត្ត ចំនួន៥០៤នាក់, ទីតាំងទី២ នៅក្រុងពោធិ៍សាត់ ចំនួន៥៣៣គ្រួសារ និងទីតាំងទី៣ ឃុំវាល ចំនួន៦៨គ្រួសារ។

ក្នុងពិធីសំណេះសំណាលនេះដែរ លោក ខូយ រីដា បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ដែលតែងតែមានការខ្វល់ខ្វាយ បារម្ភអំពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋភៀសសឹក គ្រួសារម៉ូតូឌុប និងពលរដ្ឋរងប៉ះពាល់ដោយសារសង្គ្រាមថៃឈ្លានពាន យើងគ្រប់ពេលវេលា។

លោកបន្តថា យោធាថៃបានព្យាយាមរំលោភបំពានលើអធិបតេយ្យភាពរបស់កម្ពុជា ហើយថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ពិតជាមិនបានសម្រាកទេ ជាពិសេសសម្តេចតេជោ និងសម្ដេចបវរធិបតី ដែលកំពុងធ្វើកិច្ចការងារការទូត ព្រមទាំងដឹកនាំបញ្ជា និងតាមដានសភាពការណ៍ដោយផ្ទាល់យ៉ាងយកចិត្តទុកដាក់បំផុត ក្នុងការការពារជាតិមាតុភូមិកម្ពុជា។

លើសពីនេះទៀត លោក ខូយ រីដា បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានជួយឧបត្ថម្ភគាំទ្រ នូវធនធាន និងសម្ភារ ដល់រដ្ឋបាលខេត្តពោធិ៍សាត់ សម្រាប់បន្តចែកចាយជូនដល់វីរកងទ័ពជួរមុខ បងប្អូនប្រជាពលរដ្ឋភៀសសឹក គ្រួសារម៉ូតូឌុប និងពលរដ្ឋរងប៉ះពាល់ នៅក្នុងរយៈពេលនៃសង្គ្រាមនេះ។

លោកបានគូសបញ្ជាក់ថា នេះជាស្មារតីសាមគ្គីភាព ស្នេហាជាតិ ខ្មែរជួយខ្មែរ មិនបោះបង់ខ្មែរ ទោះក្នុងកាលៈទេសៈណាក៏ដោយ ក៏ប្រជាជនកម្ពុជាទូទាំងប្រទេសរួមជាមួយភាពអង់អាចក្លាហានរបស់វីរកងទ័ពជួរមុខយើង ដែលបានបញ្ចូលគ្នាជាធ្លុងមួយ គឺពិតជាកម្លាំងសាមគ្គីដ៏រឹងមាំមហាសាល ជាអាវុធដ៏ស័ក្ដិសិទ្ធិបំផុត ក្នុងការកម្ចាត់សត្រូវឈ្លានពានឱ្យអន្តរាយ៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

.

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *