ពោធិ៍សាត់ ៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ អាំង សុជាតា ខូយ រីដា ប្រធានកិត្តិយសសាខាសមាគមនារី កម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្ត បានអញ្ជើញអមដំណើរលោកជំទាវ ហ៊ុន ស៊ីណា ចុះជួបសំណេះសំណាលចុះសួរសុខទុក្ខ និងបាននាំយកថវិកា គ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់យ៉ាងច្រើនជាការរួមចំណែកឧបត្ថម្ភ គាំទ្រដល់កងទ័ពនៃអង្គភាពតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ សម្រាប់យកទៅចែកជូនបន្តនៅសមរភូមិមុខដែលបាននឹងកំពុងឈរជើងការពារបូរណភាពទឹកដី នាព្រឹកថ្ងៃទី១៧ខែធ្នូ ឆ្នាំ២០២៥នេះ។
លោកជំទាវហ៊ុន ស៊ីណាត មានប្រសាសន៍ថា ការនាំយកថវិកា គ្រឿងឧបភោគ បរិភោគនិងសម្ភារប្រើប្រាស់យ៉ាងច្រើននេះ ដើម្បីជាការរួមចំណែកឧបត្ថម្ភគាំទ្រដល់វីរកងទ័ពដែលបាននឹងកំពុងឈរជើងតំបន់ព្រំដែន កម្ពុជា ថៃ និង បានបង្ហាញអំពីកម្លាំងសាមគ្គីដ៏រឹងមាំនៅជួរក្រោយក្នុងការគាំទ្រយុទ្ធជនជួរមុខដ៏អង់អាចក្លាហានរបស់កម្ពុជា ពីសត្រូវឈ្លានពាន ពីសំណាក់ ប្រទេសថៃ។
លោកជំទាវ បានបញ្ជាក់ឱ្យដឹងថា នេះជាខឿនការពារជាតិ ធ្វើឱ្យបងប្អូនប្រជាពលរដ្ឋ និងសប្បុរសជនយើងជាច្រើន បានចូលរួមជាថវិកា សម្ភារ គ្រឿងឧបភោគ បរិភោគយ៉ាងសស្រាក់សស្រាំ ដើម្បីជាកិច្ចឆ្លើយតបជាមួយនឹងការលះបង់សាច់ស្រស់ឈាមស្រស់ របស់វីរៈកងទ័ពជួរមុខ ក្នុងកិច្ចការពារបូរណភាពទឹកដីកម្ពុជា ពីចោរថៃឈ្លានពានសៀមមកលើកម្ពុជា។ ទាំងអស់នេះ គឺជាទឹកចិត្តរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ក្នុងស្មារតីសមរភូមិក្រោយ ជួយសមរភូមិមុខ, ស្មារតីខ្មែរជួយខ្មែរ។
លោកឧត្តមសេនីយ៍ត្រី ធន់ សំរិទ្ធិ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ បានថ្លែងអំណរគុណ ជូនចំពោះ លោកជំទាវ ហ៊ុន ស៊ីណាត ព្រមទាំងសប្បុរសជនទាំងអស់ ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួន និងបានកៀរគរសប្បុរសជន នាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ប្រគល់ជូននិងបន្តចែកជូនដល់កងកម្លាំងជួរមុខ ដែលកំពុងការពារបូរណភាពទឹកដី។
លោក ក៏បានបន្តថា ការចូលរួម ជាសម្ភារជាស្បៀងឧបភោគបរិភោគ ដោយស្ម័គ្រចិត្ត របស់សប្បុរសជន ទោះតិចក្តី ច្រើនក្តី បានបង្ហាញអំពីស្មារតីស្នេហាជាតិ សាមគ្គីភាពជាតិ ខ្មែរជួយខ្មែរ ខ្មែរស្រលាញ់ខ្មែរ និងជាការលើកទឹកចិត្ត ជាធ្លុងដ៏រឹងមាំមួយ ក្នុងការគាំទ្ររវាងកម្លាំងជួរក្រោយ ជាមួយកងទ័ពជួរមុខ ដ៏អង់អាចរបស់ជាតិយើង ដែលកំពុងប្រតិបត្តិការការពារអធិបតេយ្យភាព បូរណភាពទឹកដី នៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ ព្រមទាំងបានសួរសុខទុក្ខវីរកងទ័ពកំពុងសម្រាកព្យាបាលជំងឺនៅក្នុងទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ និងនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តនាពេលនោះផងដែរ៕

