សមាគមអតីតនិស្សិតកម្ពុជាសិក្សាពីប្រទេសចិន(CCAA)បូកសរុបត្រីមាសទី១ និងកំណត់ទិសដៅឆ្នាំ ២០២៦

ភ្នំពេញ៖ រសៀល ថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៦ នៅទីស្នាក់ការសមាគមអតីតនិស្សិតកម្ពុជាសិក្សាពីប្រទេសចិន ដែលបានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ បានរៀបចំកិច្ចប្រជុំបូកសរុបការងារប្រចាំត្រីមាស ដើម្បីពិនិត្យវាយតម្លៃលទ្ធផលដំណាក់កាលដំបូង និងកំណត់ទិសដៅសកម្មភាពសម្រាប់អនុវត្តបន្តនៅក្នុងឆ្នាំ២០២៦។

កិច្ចប្រជុំដ៏សំខាន់នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ឡាវ វ៉ាន់ ប្រធានកិត្តិយស និង ជា មុនីឫទ្ធិ ប្រធានសមាគម ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិកសកម្មជាច្រើន។

ក្នុងឱកាសនេះ លោកបណ្ឌិត ជា មុនីឫទ្ធិ បានធ្វើរបាយការណ៍សង្ខេបអំពីសកម្មភាពដំបូងៗរបស់សមាគម ចាប់តាំងពីថ្ងៃបង្កើត ដោយបានលើកឡើងពីការរៀបចំរចនាសម្ព័ន្ធអង្គភាព ការបង្កើតបណ្តាញសមាជិក និងការចាប់ផ្តើមសកម្មភាពទំនាក់ទំនងជាមួយដៃគូពាក់ព័ន្ធ។ ទោះបីជាសមាគមទើបបង្កើតក៏ដោយ ក៏បានបង្ហាញពីសក្ដានុពល និងភាពសកម្មក្នុងការចូលរួមលើវិស័យអប់រំ សង្គម និងការផ្លាស់ប្តូរវប្បធម៌។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ឡាវ វ៉ាន់ បានផ្តល់អនុសាសន៍ណែនាំ ដោយជំរុញឱ្យសមាគមបន្តពង្រឹងស្ថាប័នឱ្យរឹងមាំ បង្កើនការចូលរួមរបស់សមាជិក និងកសាងសកម្មភាពដែលមានអត្ថន័យជាក់ស្តែងសម្រាប់សង្គម។ លោកក៏បានលើកទឹកចិត្តឱ្យសមាគមដើរតួនាទីសំខាន់ជាស្ពានភ្ជាប់ចំណេះដឹង និងបទពិសោធន៍រវាងកម្ពុជា និងចិន។

កិច្ចប្រជុំក៏បានផ្តោតលើការពិភាក្សាគោលដៅសំខាន់សម្រាប់ឆ្នាំ២០២៦ រួមមាន៖
• ការពង្រឹងរចនាសម្ព័ន្ធ
• ការរៀបចំកម្មវិធីបណ្តុះបណ្តាល
• ការពង្រីកកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នអប់រំ និងដៃគូជាមួយភាគីចិន
• ការបង្កើតបណ្តាញអាជីពសម្រាប់អតីតនិស្សិត
• ការចូលរួមសកម្មភាពសង្គម និងសប្បុរសធម៌។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *