នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក. និង លោកស្រី Delcy Lagones de anglim ស្ថាបនិក និងជាប្រធានមជ្ឈមណ្ឌលដោះស្រាយវិវាទអូស្ត្រាលី (ADRC) បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការពង្រឹង និងលើកកម្ពស់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ជា វាសនា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិក អ.ដ.ក., ឯកឧត្តម ប៉ូច សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិក អ.ដ.ក. និង ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃ អ.ដ.ក. និងដោយមានការចូលរួមពី ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. និងមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. សរុបចំនួន ៥០ រូប។
ការចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយ មជ្ឈមណ្ឌល ADRC នាឱកាសនេះ គឺជាសមិទ្ធផលថ្មី និងជាជំហានយុទ្ធសាស្ត្រដ៏សំខាន់មួយទៀត ក្នុងការបើកទំព័រប្រវត្តិសាស្ត្រនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលនឹងរួមចំណែកលើកកម្ពស់ការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ និងវិនិយោគិនជាតិ និងអន្តរជាតិទាំងអស់ តាមរយៈការសម្រុះសម្រួលផ្សះផ្សាវិវាទ កាន់តែមានប្រសិទ្ធភាពខ្ពស់ និងសម្រេចឱ្យបាននូវទិសដៅ និង គោលនយោបាយពាក់ព័ន្ធនឹងការកែទម្រង់ប្រព័ន្ធយុត្តិធម៌របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងជាក់ស្តែងនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

