ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅអាគារ១ខ្នង និងសមិទ្ធផលនានាក្នុងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាធិបតី ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ អគារ១ខ្នង ធ្វើអំពីបេតុងប្រក់ក្បឿង មានក្រឡាផ្ទៃសរុប ១៩៤៤ម៉ែត្រការ៉េ មានបណ្តោយ៣៦ ទទឹង១៨ម៉ែត្រ កម្ពស់៣ជាន់ ស្មើ១៦បន្ទប់ និងសមិទ្ធផលនានានៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។

ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និង ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ មកពីក្រសួង មន្ទីរ ស្ថាប័នពាក់ព័ន្ធជាច្រើនរូប។

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្ត អាជ្ញាធរពាក់ព័ន្ធ កម្លាំងប្រដាប់វុធគ្រប់ប្រភេទ ពិសេសកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ បានចូលរួមយ៉ាងសកម្មក្នុងកិច្ចបុព្វហេតុជាតិមាតុភូមិ និងបានបំពេញតួនាទី ភារកិច្ច បានល្អ ក្នុងការផ្តល់សេវាសាធារណះ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងកិច្ចការពារបូរណ:ភាពដែនដី។

ឯកឧត្តម អភិសន្តិបណ្ឌិត បានដាក់ចេញបទបញ្ជាដល់រដ្ឋបាលខេត្ត និងស្នងការដ្ឋាននគរបាលខេត្ត សមត្ថកិច្ចជំនាញពាក់ព័ន្ធ ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណ:, ពង្រឹងផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ/សង្កាត់មានសុវត្ថិភាព ,បន្តស្រាវជ្រាវបង្ក្រាបបទល្មើសគ្រប់ប្រភេទ និងក្មេងទំនើង, បទល្មើសជួញដូរគ្រឿងញៀន , បទល្មើសស្នាក់នៅប្រមូលផ្តុំរបស់ជនបរទេស និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scams Online), បទល្មើសជួញដូរមនុស្ស និងផ្លូវភេទគ្រប់ទំរង់, បទល្មើសឆ្លងដែនខុសច្បាប់ និងទំនិញគេចពន្ធ, បន្តពង្រឹងអនុវត្ត និងផ្សព្វផ្សាយច្បាប់ចរាចរណ៍ឡើងវិញ, ជម្រុញដល់កម្លាំងនគរបាលជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រូវពន្លឿនការធ្វើសៀវភៅស្នាក់នៅ និងអត្តសញ្ញាណប័ណ្ណជូនពលរដ្ឋឲ្យបានទាន់ពេលវេលា សំដៅដល់ អ្នកហួសសុពលភាព អ្នកទើបគ្រប់អាយុ ចំណាកស្រុក(ពលករ) ពលរដ្ឋភៀសសឹក។

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានស្នើដល់កងកម្លាំងនគរបាលទាំងអស់ត្រូវ គោរពច្បាប់ គោរពវិន័យ បទបញ្ជា និងបន្តអនុវត្ត តួនាទី ភារកិច្ច ឲ្យបានល្អ ប្រកបដោយក្របសីលធម៌ និងវិជ្ជាជីវ: សក្កិសមជាមន្ត្រី និងជាអ្នកបម្រើរាស្រ្ត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *