បន្ទាយមានជ័យ ៖ អនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២១-២២-២៣ ខែកញ្ញា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញបទបញ្ជាដល់កងកម្លាំងនគរបាលទូទាំងខេត្ត ចេញយាមល្បាត ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋដែលមកធ្វើបុណ្យ និង ដើរកំសាន្ត ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ។
កម្លាំងនគរបាលជាច្រើនរួមកម្លាំងជំនាញ កម្លាំងអធិការដ្ឋាននគរបាលក្រុង-ស្រុក កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលគ្រប់ឃុំ-សង្កាត់ ត្រូវបានដាក់ពង្រាយកម្លាំងនគរបាលឈរជើងតាមគោលដៅសំខាន់ៗ ដើម្បីជួយសម្រួលបញ្ចៀសការកកស្ទះចរាចរណ៍ ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ដែលមកធ្វើបុណ្យនិងមកកម្សាន្ត តាមវត្តអារាម និងរមនីយដ្ឋាននានាក្នុងភូមិសាស្ត្រខេត្ត។
ទន្ទឹមគ្នានោះលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានដាក់ចេញផែនការដល់កងកម្លាំង ពង្រឹងការយាមល្បាត ឆែកអាវុធគ្រឿងផ្ទុះពេលរាត្រី ពង្រឹងការងារសន្តិសុខ,ត្រៀមកម្លាំងសម្រាប់អន្តរាគមន៍ បង្ការ បង្ក្រាប បទល្មើសគ្រប់ប្រភេទ ក្មេងទំនើង និងត្រៀមកម្លាំងជួយសង្គ្រោះពលរដ្ឋក្នុងករណីមានគ្រោះអគ្គីភ័យ ឬគ្រោះធម្មជាតិនានាផងដែរ៕

