(បន្ទាយមានជ័យ)៖ កម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៤-០៥ ខែមិថុនា ឆ្នាំ២០២៦ បនបន្តចុះរដ្ឋបាល និងបង្ក្រាបបទល្មើស Online Scams ចំនួន៧ទីតាំង ដោយរកឃើញជនបរទេស១៤៤នាក់។
តាមរបាយការណ៍ បានបញ្ជាក់ថា នៅថ្ងៃទី០៤-០៥ ខែមិថុនា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក ប្រាក់ ប៉ូលី អភិបាលរងខេត្ត តំណាងលោក អ៊ុំ រាត្រី អភិបាលខេត្ត មានការចូលរួមពីកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្ត, កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង អធិការដ្ឋាននគរបាលក្រុង បញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ចៅសង្កាត់ ដោយមានការសម្របសម្រួលនីតិវិធីពីលោក សំរឹទ្ធ សុខុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យទីតាំងចំនួន៧ ស្ថិតក្នុងភូមិសាស្ដ្រក្រុងប៉ោយប៉ែត ក្នុងនោះបិទសៀល១ទីតាំង និងធ្វើរដ្ឋបាល៦ទីតាំង រកឃើញជនបរទេសចំនួន១៤៤នាក់ ស្រី២៩នាក់ ៤សញ្ជាតិ (ឥណ្ឌូនេស៊ី៧៩នាក់ស្រី១៩នាក់ ថៃ១៧នាក់ស្រី៨នាក់ បង់ក្លាដេស៤៤នាក់ប្រុស ម៉ាឡេស៊ី៤នាក់ស្រី២នាក់) ដូចខាងក្រោម៖
* បិទសៀល១ទីតាំង (ម្ចាស់ ដៀង បូរាណ) ផ្ទះ២ល្វែង កម្ពស់៣ជាន់ផ្ទាល់ដី ស្ថិតនៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត រកឃើញជនបរទេសចំនួន៤៤នាក់ប្រុស ជាជនជាតិបង់ក្លាដេស និងរកឃើញ សម្ភារៈសង្ស័យមួយចំនួន តាមការធ្វើកោសល្យវិច្ច័យរបស់កម្លាំងជំនាញការិយាល័យប្រឆាំង បទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលខេត្ត ពិនិត្យឃើញថា ជាករណីឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យាអនឡាញស្កេម ក្នុងរូបភាព បង្កើតជាវេទិកាជ្រើសរើសបុគ្គលិក(ក្លែងក្លាយ) ជាថ្នូរបានប្រាក់ខែខ្ពស់ និងដើម្បីបានការងារធ្វើ តម្រូវឱ្យអ្នកស្នើសុំធ្វើការ ត្រូវបង់ប្រាក់ជាមុន ទើបទទួលបានការងារធ្វើ។ ចំណាត់ការ បញ្ជូនជនជាតិបង់ក្លាដេស៤៤នាក់ប្រុស ទៅមណ្ឌលកងវ៉ាខេត្ត ដើម្បីបន្ដនីតិវិធីបណ្ដេញចេញ និងបិទទីតាំងជាបណ្ដោះអាសន្ន។
ធ្វើរដ្ឋបាលចំនួន៦ទីតាំង
* ទីតាំងទី១ មានម្ចាស់ឈ្មោះ ម៉ សុផៃ ភេទប្រុស អគារកម្ពស់៤ជាន់ផ្ទាល់ មាន១៨បន្ទប់ មានជនបរទេសស្នាក់នៅចំនួន៣៩នាក់ស្រី១២នាក់ ជាជនជាតិឥណ្ឌូនេស៊ី (មានលិខិតឆ្លងដែន និងទិដ្ឋាការត្រឹមត្រូវ) ពុំមានសម្ភារៈសង្ស័យ អប់រំធ្វើកិច្ចសន្យា។
* ទីតាំងទី២ មានម្ចាស់ឈ្មោះ កែវ ឃាង ភេទប្រុស អគារកម្ពស់៧ជាន់ផ្ទាល់ដី មាន២៣បន្ទប់ មានជនបរទេសស្នាក់នៅចំនួន២៨នាក់ស្រី៤នាក់ ២សញ្ជាតិ ក្នុងនោះ ឥណ្ឌូនេស៊ី២៤នាក់ប្រុស និងម៉ាឡេស៊ី៤នាក់ស្រី២នាក់ ពុំមានសម្ភារៈសង្ស័យ អប់រំនិងធ្វើកិច្ចសន្យា។
* ទីតាំងទី៣ អគារកម្ពស់៦ជាន់ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ទីតាំងបានបិទចោលមិនដំណើរការ មានសន្ដិសុខមើលការខុសត្រូវឈ្មោះ ហាត សាម៉ន ភេទប្រុស ។
* ទីតាំងទី៤(ម្ចាស់ អ៊ុំ ចំណាប់ និងប្រពន្ធឈ្មោះ ងួន ចាន់ណា) ផ្ទះ២ល្វែង កម្ពស់៤ជាន់ ផ្ទាល់ដី ១៨បន្ទប់ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត មានជនបរទេសស្នាក់នៅចំនួន១៧នាក់ស្រី៨នាក់ ជាជនជាតិថៃ ធ្លាប់បម្រើការងារនៅស្ដារហ្គោល ទីតាំងពុំមាន សម្ភារ:សង្ស័យពាក់ព័ន្ធបទល្មើសអនឡាញស្កេមអប់រំនិងធ្វើកិច្ចសន្យា។
* ទីតាំងទី៥ (ម្ចាស់ ស្រស់ ស្រីលីន) ផ្ទះ២ល្វែង កម្ពស់៣ជាន់ផ្ទាល់ដី ១៨បន្ទប់ នៅភូមិ សាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ពុំមានជនបរទេស ពុំមានសម្ភារសង្ស័យ។
* ទីតាំងទី៦(ម្ចាស់ អ៊ួង ប៉ោហុង) ផ្ទះ២ល្វែង កម្ពស់៣ជាន់ផ្ទាល់ដី ១៦បន្ទប់ ស្ថិតនៅភូមិ បាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត មានជនបរទេសស្នាក់នៅចំនួន១៦នាក់ ស្រី៧នាក់ជាជនជាតិឥណ្ឌូនេស៊ី។ បញ្ជូនសន្ដិសុខ១នាក់ប្រុស(ខ្មែរ) និងជនជាតិឥណ្ឌូនេស៊ី ១នាក់ប្រុស ពុំមានលិខិតឆ្លងដែនជាប់ខ្លួន ទៅសាកសួរនៅអធិការដ្ឋាននគរបាលក្រុង៕

