រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សរសើរការដឹកនាំរបស់រដ្ឋបាលខណ្ឌឫស្សីកែវ និងជំរុញឲ្យខណ្ឌផ្សេងៗយកគំរូ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​សរសើរ​នឹនឹងវាតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ប្រកបដោយការគិតគូរយកចិត្តទុកដាក់ និងការទទួលខុសត្រូវរបស់ការ​ដឹកនាំ​របស់​រដ្ឋបាល​ខណ្ឌ​ឬ​ស្សី​កែវ ជាពិសេសមានការចុះដឹកនាំដោយផ្ទាល់ពីលោក ជិន ប៊ុនធឿន អភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ ក្នុងការរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ សាធារណៈ អនាម័យ និងបរិស្ថាន នៅតាមដងផ្លូវ និងតំបន់មួយចំនួន ក្នុងមូលដ្ឋានខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ និង​ជំរុញ​ឲ្យ​រដ្ឋបាល​ខណ្ឌ​ផ្សេង​ដែល​មិន​ទាន់​ធ្វើ​ត្រូវ​យក​គំរូ​តាម ។

លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​៧ ធ្នូ ឆ្នាំ​២០២៥​ថា ក្នុង​នាម​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ សូម​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង ប្រកបដោយ​ការ​គិតគូរ​យកចិត្តទុកដាក់ និង​ការ​ទទួលខុសត្រូវ​របស់​រដ្ឋបាល​ខណ្ឌឫស្សីកែវ ជា​ពិសេស​មានការ​ចុះ​ដឹកនាំ​ដោយ​ផ្ទាល់​ពី​លោក ជិន ប៊ុ​ន​ធឿ​ន អភិបាល​ខណ្ឌឫស្សីកែវ ក្នុង​ការ​រៀបចំ​សណ្តាប់ធ្នាប់​របៀបរៀបរយ​សាធារណៈ អនាម័យ និង​បរិស្ថាន នៅ​តាម​ដងផ្លូវ និង​តំបន់​មួយ​ចំនួន ក្នុង​មូលដ្ឋាន​ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។

ជាមួយ​គ្នា​នេះ លោក​ក៏​សូម​លើកទឹកចិត្ត​ដល់​បណ្តា​ខណ្ឌ​ផ្សេង​ទៀត ដែល​មិន​ទាន់​បាន​អនុវត្ត ឬ​ពង្រឹង​លើ​ការងារ​នេះ សូម​បង្កើន​ការ​យកចិត្តទុកដាក់​ក្នុង​ការ​ចូលរួម​«​ចលនា​រំដោះ​ចិញ្ចើម​ផ្លូវ និង​អនាម័យ បរិស្ថាន​» ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ឱ្យ​បាន​គ្រប់​ខណ្ឌ ក្នុង​រាជធានី​ភ្នំពេញ ក៏​ដូច​ជា នៅ​តាម​បណ្តា​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ទូ​ទាំង​ប្រទេស ។

ជាមួយ​គ្នា​នេះ​ដែរ​លោក ឧបនាយករដ្ឋមន្ត្រី​ក៏​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ចូលរួម​«​ចលនា​រំដោះ​ចិញ្ចើម​ផ្លូវ និង​អនាម័យ បរិស្ថាន​» ឱ្យ​បាន​គ្រប់​ៗ​គ្នា ព្រោះ​ការ​ចូលរួម​របស់​បងប្អូន គឺ​ពិតជា​មាន​សារៈសំខាន់​ណាស់ ក្នុង​ការ​ធ្វើ​ឱ្យ​ផ្លូវ​ធំ​ទូលាយ មាន​ចិញ្ចើម​ផ្លូវ​សម្រាប់​អ្នក​ថ្មើរជើង សម្រាប់​កង់ ម៉ូតូ និង​ធ្វើ​ឱ្យ​មូលដ្ឋាន​ទាំងមូល ពោរពេញ​ដោយ​សោភ័ណ​ភាព និង​បរិយាកាស​ស្រស់បំព្រង ពិសេស​នាំ​មក​នូវ​សុខភាព​ល្អ ដល់​បងប្អូន​ប្រជាពលរដ្ឋ​យើង​ទាំងអស់​ផង​ដែរ​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *