(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ៨រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣។ ជំនួបធ្វើឡើងមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ។
នេះជាឆ្នាំទី៣ហើយ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឋានៈជានាយករដ្ឋមន្ត្រី បានផ្តល់កិត្តិយសជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ជាការផ្តល់កម្លាំងចិត្តមួយដល់សិស្សខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ហើយប្រឡងបាននិទ្ទេស A។
សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៤៦,៧២០នាក់ (ស្រី ៨១,៤៤២នាក់) ត្រូវជា ៥៥,៥០ភាគរយ, បេក្ខជនបានមកប្រឡងចំនួន ១៤៤,៨៣៨នាក់ (ស្រី ៨០,៦៩៦នាក់) ត្រូវជា ៥៥,៧១ភាពរយ។ បេក្ខជនបានប្រឡងជាប់សរុប ១២២,៤៧៣នាក់ (ស្រី ៧០,៩៩១នាក់) ស្មើនឹង ៨៤,៥៦ភាគរយ នៃចំនួនបេក្ខជនបានមក ប្រឡងសរុប។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៖
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការពង្រឹងគុណភាពវិស័យអប់រំកម្ពុជា គឺជាគោលដៅឤទិភាពរបស់រាជរដ្ឋាភិបាល ដែលបានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណ សម្រាប់អនុវត្តនៅគ្រប់ដំណាក់កាល, គឺការអប់រំឱ្យមានចំណេះដឹងទូលាយ ជំនាញពិតប្រាកដ ព្រមទាំង សីលធម៌ គុណភាព និង មនសិការស្នេហាជាតិ, ជាពិសេស ការបណ្តុះបណ្តាលជំនាញបច្ចេកទេស វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា, ការតម្រង់ទិសសម្រាប់ទីផ្សារការងារ និងការពង្រឹងជំនាញបច្ចេកទេសដល់យុវជន សំដៅធានាថា «យុវជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត» ដើម្បីលើកស្ទួយជីវភាពគ្រួសារឱ្យកាន់តែល្អប្រសើរ និងរួមចំណែកក្នុងកាអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការងារអភិវឌ្ឍធនធានមនុស្សកម្ពុជា ពិតជាមានមោទនភាពខ្ពស់ នៅពេលដែលវិស័យអប់រំរបស់ខ្លួន ទទួលបាននូវការរីកចម្រើន, ទាំងបរិមាណ និងគុណភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វឌ្ឍនភាព នៃវិស័យអប់រំនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ, ក្នុងនោះ កម្ពុជាត្រូវបានទទួលស្គាល់ ជាប្រទេសដែលមានការ-អភិវឌ្ឍឆាប់រហ័ស, ទាំងផ្នែក សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសេវាកម្ម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យបង្កើនលទ្ធភាព តាមគ្រប់រូបភាព ដើម្បីបណ្តុះបណ្តាលសិស្សពូកែ រាប់ចាប់តាំងពីកម្រិតមត្តេយ្យសិក្សា រហូតដល់មធ្យមសិក្សាទុតិយភូមិ និងរៀបចំឱ្យមានការគាំទ្រ ចំពោះមុខដល់សិស្សរៀនពូកែដែលកំពុងជួបបញ្ហា, ទាំងក្នុងការរស់នៅ និងការរៀនសូត្រ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យមានការតម្រង់ទិសសិក្សា ដើម្បីឱ្យសិស្សពូកែរបស់យើងឈានចូល និងបន្តការសិក្សានៅកម្រិតបន្តបន្ទាប់ នៅតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សាឈានមុខនៅលើសកលលោក ដែលនឹងក្លាយជាធនធានដ៏សំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិ ជាពិសេសមុខជំនាញ វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អនាគតប្រទេសជាតិ ត្រូវផ្សារភ្ជាប់ជាមួយអនាគតរបស់យុវជន។ ក្នុងន័យនេះ រាជរដ្ឋាភិបាល បានរៀបចំតម្រង់ទិសការអប់រំដល់សិស្ស រួមមានជំនាញវិជ្ជាជីវៈផងដែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្តាំផ្ញើដល់សិស្សជាប់និទ្ទេស A ទាំងអស់ សូមបន្តខិតខំរៀនសូត្រ, ស្រាវជ្រាវ, និងកសាងខ្លួន ឱ្យក្លាយជាយុវជនឆ្នើម ជាពលរដ្ឋឆ្នើម ជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិ និងស្វែងរកកិត្តិយសថ្មីៗទៀត ជូនជាតិមាតុភូមិ នៅពេលបន្តការសិក្សានៅកម្រិតឧត្តមសិក្សា និងកម្រិតក្រោយៗទៀត។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យបន្តផ្តល់អាហារូបករណ៍ដល់សិស្សពូកែ សិស្សជួបការលំបាក ជាពិសេស សិស្សនារី និងសិស្សក្នុងគ្រួសារក្រីក្រ និងធានាប្រសិទ្ធភាព នៃការអនុវត្តកម្មវិធីសិក្សាផ្នែក គណិតវិទ្យា វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និង ភាសាបរទេស ដើម្បីឱ្យស្របទៅនឹងចរន្ត នៃការរីកចម្រើនផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក្នុងបរិការណ៍នៃបដិវត្តឧស្សាហកម្មទី ៤.០។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យបន្តអនុវត្តឱ្យកាន់តែសកម្មនូវគោលនយោបាយអភិវឌ្ឍវិស័យអប់រំ ដើម្បីធានាថា ការអប់រំមានគុណភាព ប្រកបដោយបរិយាប័ន្ន និងលើកកម្ពស់ឱកាសក្នុងការសិក្សា ពេញមួយជីវិត សម្រាប់ទាំងអស់គ្នា។ ត្រូវខិតខំជំរុញ និងពង្រីកកម្មវិធីអប់រំកុមារតូច និងបង្កលក្ខណៈឱ្យកុមារ បានសិក្សាយ៉ាងតិច៩ឆ្នាំ នៅសាលារៀន ដែលមានបរិស្ថានស្អាត និងអនាម័យល្អ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សូមថ្លែងអំណរគុណដល់វីរយុទ្ធជនទាំងអស់ ដែលបានប្រឹងប្រែងការពារជាតិទឹកដី ប្រកបដោយភាពអង់អាចក្លាហាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ទឹកចិត្តប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលបានរួបរួមសាមគ្គីគ្នាជួយដល់ជាតិក្នុងពេលមានសង្គ្រាមឈ្លានពាន បង
