ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ អញ្ជើញចូលរួមក្នុងពិធី ដង្ហែ ក្បួន ផ្សព្វផ្សាយ យុទ្ធនាការ និយាយ ថា ទេ ចំពោះ ព័ត៌មាន ក្លែងក្លាយ Say No To Fake News ដែលរៀបចំដោយមន្ទីរព័ត៌មានខេត្តពោធិ៍សាត់ នៅវេទិកាអុំទូក ក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ព្រឹកថ្ងៃទី១២ ខែ កញ្ញា ឆ្នាំ២០២៥ មានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការរដ្ឋបាលខេត្ត មន្ទីរព័ត៌មាន មន្ទីរនិងអង្គភាពជុំវិញខេត្ត សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ អង្គការ សមាគមអ្នកសារព័ត៌មាន សរុបចំនួនជាង ២០០នាក់៕
ឯកឧត្តម ខូយ រីដា បានមានប្រសាសន៍ថា ការផ្សព្វផ្សាយ យុទ្ធនាការ និយាយ ថា ទេ ចំពោះ ព័ត៌មាន ក្លែងក្លាយ Say No To Fake News ដែលរៀបចំដោយមន្ទីរព័ត៌មានខេត្តពោធិ៍សាត់ នាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ ពីព្រោះថា បច្ចុប្បន្ន ព័ត៌មានក្លែងក្លាយ កំពុងក្លាយជាប្រធានបទ ដ៏ក្ដៅគគុក នាំឲ្យអ្នកមើល ឬអ្នកទស្សនា ឈឺក្បាល ក្នុងការបែងចែកថា ព័ត៌មានណាពិត និងព័ត៌មានណាក្លែងក្លាយ ។
ឯកឧត្តមបានអំពាវនាវ ដល់ប្រជាពលរដ្ឋ អ្នកប្រើប្រាស់បណ្ដាញសង្គម ត្រូវមានការប្រុងប្រយ័ត្នទាំងអស់គ្នា ជាពិសេស មុននឹងសម្រេចចិត្ត ចែករំលែកព័ត៌មានណាមួយ សូមពិនិត្យប្រភពឲ្យបានច្បាស់លាស់ ពលរដ្ឋល្អ សូមចូលរួមចែកចាយព័ត៌មានពិត ព័ត៌មានល្អៗ និងព័ត៌មានណា ដែលផ្ដល់អត្ថប្រយោជន៍ដល់សង្គម ពីព្រោះថា ព័ត៌មានក្លែងក្លាយ នាំឲ្យសង្គមហ្វឹកហ្វរ បង្កចលាចលដល់មនុស្ស និងប៉ះពាល់ ដល់សន្តិសុខជាតិ ។ សូមចូលរួមទាំងអស់គ្នា និយាយថាទេ និងមិនចែករំលែក ព័ត៌មានក្លែងក្លាយ។

