ពោធិ៍សាត់៖ ក្នុងស្មារតីស្នេហាជាតិ ក៏ដូចជារួបរួមសាមគ្គីជាធ្លុងមួយ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ ឯកឧត្ដម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូខេត្ត ចុះសួរសុខទុក្ខ និងនាំយកថវិកាគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់យ៉ាងច្រើន ជូនទៅដល់កងកម្លាំងវីរកងទ័ពជួរមុខ ដែលឈរជើងតាមបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។
ថ្លែងនាឱកាសនោះ ឯកឧត្តម ខូយ រីដា បានពាំនាំនូវការសួរសុខទុក្ខ ដល់កងកម្លាំងវីរកងទ័ពជួរមុខ ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់ ក្នុងពេលដ៏ខ្លីខាងមុខ។
ក្នុងនោះដែរឯកឧត្តម ខូយ រីដា ក៏បានថ្លែងអំណរគុណចំពោះវីរភាពដ៏អង់អាចក្លាហាន របស់វីរកងទ័ព វីរនគរបាល និងអាវុធហត្ថ ដែលលះបង់ដេីម្បីបុព្វហេតុជាតិមាតុភូមិ ការពារបូរណភាពទឹកដីពីការឈ្លានពានពីសត្រូវប្រទេសជិតខាង ព្រមទាំងបានលះបង់ប្តូរផ្តាច់ ការពារទឹកដី ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅបានសុខសាន្ត ប្រកបរបររកស៊ីចឹញ្ចឹមជីវិត។ ឯកឧត្ដម ក៏បានរំលឹកដឹងគុណទៅដល់វីរកងទ័ពដែលបានពលី និងរងរបួសនៅក្នុងសមរភូមិនាពេលកន្លងមក។
ឯកឧត្ដម បន្តថាមក្នុងនាមខ្មែរតែមួយ សមរភូមិក្រោយ ជួយដល់សមរភូមិមុខ គ្រប់កាលៈទេសៈ នៅតែបន្តជួយជ្រោមជ្រែងក្នុងការជួយគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ ដល់កងកម្លាំងវីរកងទ័ពជួរមុខ។ ឯកឧត្ដម ក៏បានជូនពរដល់កងកម្លាំងវីរកងទ័ពជួរមុខ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ សូមទទួលបានសេចក្ដីសុខសប្បាយ មានសុខភាពល្អឈ្នះអស់មារសត្រូវទាំងឡាយទាំងពួង៕

