ស្ថានីយធ្វើដំណើរ នៃអាកាសយានដ្ឋានអន្តរជាតិតេជោ និងអាកាសយានដ្ឋានអន្តរជាតិអង្គរសៀមរាប បានរៀបចំឱ្យមានទីកន្លែងថ្វាយបង្គំ “Praying Room” សម្រាប់បម្រើដល់ភ្ញៀវទេសចរមូស្លីម
ចេញផ្សាយ ថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០២៥
ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតពី សម្តេចមហាបវរធិបតី ហ៊ុន ណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការសម្របសម្រួលរបស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ខេត្តកណ្តាល និងអាកាសយានដ្ឋានអន្តរជាតិអង្គរសៀមរាប ខេត្តសៀមរាប បានរៀបចំឱ្យមានទីកន្លែងថ្វាយបង្គំ “Praying Room” ដែលជាសម្បទាតម្រូវការដ៏សំខាន់មួយ សម្រាប់សម្រួលដល់ភ្ញៀវទេសចរជាតិ និងភ្ញៀវអន្តរជាតិដែលជាសាសនិកឥស្លាម។
ការរៀបចំឱ្យមានទីកន្លែងថ្វាយបង្គំ “Praying Room” នេះ បានបង្ហាញពីគោលនយោបាយដ៏ត្រឹមត្រូវ និងប្រាកដនិយម របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលធ្វើឱ្យកម្ពុជាជាប្រទេសមួយដែលមានសុខដុមនីយកម្មសាសនា ឆ្ពោះទៅរកការរីកចម្រើន សុខសន្តិភាព រួមចំណែកក្នុងការអភិវឌ្ឍ ប្រកបដោយចក្ខុវិស័យច្បាស់លាស់ ស្រមតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងស្របជាមួយនឹងផែនការអភិវឌ្ឍន៍ទេសចរណ៍មូស្លីម របស់ក្រសួងទេសចរណ៍ សំដៅបង្កើនភាពទាក់ទាញ និងជំរុញកំណើនទេសចរមូស្លីមមកកាន់ព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែច្រើនឡើងបន្ថែម៕


