រដ្ឋបាលខណ្ឌឫស្សីកែវ បន្តស្ដារប្រឡាយ២ខ្សែត្រៀមរំដោះទឹកភ្លៀង គ្រោងបញ្ចប់នៅចុងខែមិថុនា

 

ភ្នំពេញ៖រដ្ឋបាលខណ្ឌឬស្សីកែវដឹកនាំដោយលោកជិន ប៊ុនធឿន អភិបាលខណ្ឌបាននិងកំពុងខិតខំស្តារប្រឡាយចំនួន២ខ្សែដើម្បីត្រៀមនាំទឹកចេញពីភូមិដ្ឋានប្រជាពលរដ្ឋ ក្នុងរដូវវស្សានេះ ហើយគម្រោងខាងលើគ្រោងនិងបញ្ចប់នៅចុងខែមិថុនានេះ។
ការងារនេះធ្វើឡើងក្រោមការយកចិត្តទុកដាក់ និងណែនាំ ព្រមទាំងការជួយឧបត្ថម្ភគាំទ្រទាំងស្មារតី ថវិកា និងគ្រឿងច័ក្រ ពី ឯកឧត្ដមឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងផែនការត្រៀមរំដោះជំនន់ទឹកភ្លៀងបញ្ចៀសការជន់លិចផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងរដូវវស្សា។
នេះបើតាមការឱ្យដឹងពីលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលសាលារាជធានីភ្នំពេញ នារសៀលថ្ងៃទី៦ខែមិថុនានេះ។
លោកស្រីបានបន្តថា៖ រដ្ឋបាលខណ្ឌប្ញស្សីកែវនាព្រឹកថ្ងៃសៅរ៍ ទី៦ ខែមិថុនា ឆ្នាំ២០២៦នេះ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានចុះពិនិត្យវឌ្ឍភាពការងារស្តារព្រែកអូរវែង ដោយបន្តដាក់សាឡង់និងគ្រឿងចក្រដើម្បីស្តារព្រែកឲ្យរួចរាល់នៅចុងខែមិថុនា មុនរដូវវភ្លៀងធ្លាក់ខ្លាំងមកដល់។
លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បញ្ជាក់ដែរថា៖ ដោយមានការជួយឧបត្ថម្ភគាំទ្រទាំងស្មារតី ថវិកានិងគ្រឿងច័ក្រពី ឯកឧត្ដមឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញក្រុមការងារខណ្ឌបានបន្តស្តារប្រឡាយចំនួន២ខ្សែក្នុងមូលដ្ឋានខណ្ឌប្ញស្សីកែវក្នុងឆ្នាំ២០២៦ ដែលក្នុងនោះ ប្រឡាយព្រែកបាក់ទូក ស្តារបានប្រវែង៣,១២០ម៉ែត្រ/៣,១២០ម៉ែត្រ និងប្រឡាយព្រែកអូរវែង ស្តារបាន ប្រវែង៤,០០០ម៉ែត្រ/៤,៧៨០ម៉ែត្រ និងកំពុងបន្តស្តារប្រវែង៧៨០ម៉ែត្រទៀតពីចំណុចស្ពានជីបម៉ុង ឆ្ពោះទៅស្ថានីយ៍បូមទឹកគីឡូម៉ែត្រលេច៩ ហើយគ្រោងនិងបញ្ចប់នៅចុងខែមិថុនានេះ។
ក្នុងនាមអាជ្ញាធរមូលដ្ឋានលោកស្រី អ្នកនាំពាក្យ រដ្ឋបាលរាជថានីភ្នំពេញសូមអំពាវនាវឱ្យបងប្អូនប្រជាពលររដ្ឋនៅជាប់ប្រឡាយ និងផ្លូវនានាចូលរួមថែរក្សាប្រឡាយដែលបានស្តាររួច ដោយទុកដាក់សំរាមវេចខ្ចប់ឱ្យបានត្រឹមត្រូវ ដើម្បីអនាម័យបរិស្ថាន និងបញ្ចៀសកាលិចលង់ និងសោភណ្ឌភាពរាជធានីភ្នំពេញយើង៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *