រដ្ឋបាលខណ្ឌប្ញស្សីកែវ ÷ នាព្រឹកថ្ងៃអង្គារ ទី១៦ ខែកញ្ញា ឆ្នាំ២០២៥នេះ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌប្ញស្សីកែវ បានចូលរួមរំលែកទុក្ខ និងឧបត្ថម្ភថវិកាមួយចំនួនជូនក្រុមគ្រួសារសព លោក រស់ សេដ្ឋ (ជនពិការ) ជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥។
នាឱកាសនោះ លោកអភិបាលខណ្ឌ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា ដែលលោកតែងតែមិនភ្លេចឡើយ ចំពោះបងប្អូនដែលជាអតីតយុទ្ធជនរបស់យើង។ បងប្អូនដែលជាអតីតយុទ្ធជន ពិតជាមានសារៈសំខាន់ណាស់ ព្រោះថា បងប្អូនអតីតយុទ្ធជន មានគុណូបការៈដ៏ឧត្តុង្គឧត្តម និងពលីកម្មដ៏ធំធេងមិនអាចកាត់ថ្លៃបាន ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ និងលះបង់អាយុជីវិត ដើម្បីបុព្វហេតុជាតិ មាតុភូមិ នាំមកនូវសុខសន្តិភាពជូនប្រទេសជាតិ និងប្រជាជនកម្ពុជា។ ជាចុងក្រោយ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព លោក រស់ សេដ្ឋ សូមឆាប់បានចាប់កំណើតក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ៕

