អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំ រៀបចំរបាយការណ៍ ស្ដីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម

 

(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងឆ្លងសេចក្តីព្រាងរបាយការណ៍ ស្តីពីលទ្ធផលការងារសម្រេចបានក្នុងឆមាសទី១ និងលើកទិសដៅបន្ត របស់រដ្ឋបាលខេត្ត ស្ថិតនៅសាលប្រជុំសាលាខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រី អភិបាលរងខេត្ត នាយក-នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពិនិត្យ ពិភាក្សា និងកែសម្រួលលើការរៀបចំរបាយការណ៍ ក៏ដូចជាស្លាយ(Slides) បទបង្ហាញឱ្យមានភាពគ្រប់ជ្រុងជ្រោយ ច្បាស់លាស់ និងមានសោភ័ណភាព ដើម្បីត្រៀមយកទៅធ្វើបទបង្ហាញជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លើចំណុចសំខាន់ៗរួមមាន ៖ បង្ហាញពីសមិទ្ធផល បទពិសោធន៍ល្អៗ កិច្ចអភិវឌ្ឍន៍មូលដ្ឋាន និងបញ្ហាប្រឈមនានាដែលខេត្តបានជួបប្រទះ និងដោះស្រាយកន្លងមក។ កំណត់ផែនការសកម្មភាព និងយុទ្ធសាស្ត្រគន្លឹះៗ ដើម្បីជម្រុញការងាររដ្ឋបាល ការពារសន្តិសុខសណ្តាប់ធ្នាប់សង្គម និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា រាល់ទិន្នន័យ និងខ្លឹមសារនៅក្នុងបទបង្ហាញ ត្រូវតែឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្តែងនៃសន្ទុះអភិវឌ្ឍន៍របស់ខេត្តកំពង់ចាម ទាំងការងារសន្តិសុខ សណ្តាប់ធ្នាប់ យុត្តិធម៌សង្គម និងការអភិវឌ្ឍន៍មូលដ្ឋាន។ បន្ថែមពីនេះ ត្រូវរៀបចំទម្រង់បទបង្ហាញឱ្យមានភាពទាក់ទាញ ងាយយល់ និងខ្លីខ្លឹម ដើម្បីធានាបាននូវភាពជោគជ័យ និងទទួលបានការវាយតម្លៃខ្ពស់ពីក្រសួងមហាផ្ទៃ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *