រាជធានីភ្នំពេញ៖ នាថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២៦ នេះ ថ្នាក់ដឹកនាំរដ្ឋបាលខណ្ឌឫស្សីកែវ បានអញ្ជើញចុះពិនិត្យផ្ទាល់នូវវឌ្ឍនភាពនៃការដ្ឋានជួសជុលផ្លូវបេតុងឆ្អឹងដែកមួយខ្សែ នៅក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ដើម្បីពន្លឿនការស្ថាបនា និងធានាឱ្យបាននូវស្តង់ដារគុណភាពផ្លូវសម្រាប់ការប្រើប្រាស់សាធារណៈ។
ការចុះពិនិត្យទីតាំងការដ្ឋាននេះ ដឹកនាំដោយ លោក ជិន ប៊ុនធឿន អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ រួមជាមួយ លោក ប៊ុត បូវណ្ណារ័ត្ន អភិបាលរងខណ្ឌ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌ ព្រមទាំងមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូប។
យោងតាមទិន្នន័យបច្ចេកទេស គម្រោងជួសជុលផ្លូវនេះ គឺជាប្រភេទផ្លូវបេតុងឆ្អឹងដែក ដែលមាន៖
កម្រាស់៖ ១៥សង់ទីម៉ែត្រ
ប្រវែងសរុប៖ ១.០០០ម៉ែត្រ
ទទឹង៖ ៨ម៉ែត្រ
ទីតាំងផ្លូវដែលកំពុងដំណើរការសាងសង់នេះ ស្ថិតនៅលើកំណាត់ផ្លូវលេខ ២០៧ ត្រង់ចំណុចមុខវិទ្យាល័យ ជា ស៊ីម ចំរើនរដ្ឋ ដោយតភ្ជាប់ពីផ្លូវលេខ ៣០០ ឆ្ពោះទៅផ្លូវលេខ ៣៣០ (ដែលគេស្គាល់ថាជា ផ្លូវបេតុងឧកញ៉ា ឌី ប៉ូ)។
ការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នេះ គឺជាផ្នែកមួយនៃការងារគ្រប់គ្រងនគរូបនីយកម្មនៅក្នុងមូលដ្ឋានខណ្ឌ ដែលមិនត្រឹមតែជួយលើកកម្ពស់សោភណភាពទីក្រុងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកផងដែរ។ ជាពិសេស ការស្ថាបនាផ្លូវមុខសាលារៀននេះ នឹងជួយកាត់បន្ថយការកកស្ទះ និងផ្តល់ភាពងាយស្រួលប្រកបដោយសុវត្ថិភាពខ្ពស់ ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងមាតាបិតា ដែលធ្វើដំណើរចេញចូលវិទ្យាល័យ ជា ស៊ីម ចំរើនរដ្ឋ ជារៀងរាល់ថ្ងៃ។
សកម្មភាពចុះអន្តរាគមន៍និងត្រួតពិនិត្យនេះ បង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់របស់អាជ្ញាធររដ្ឋបាលខណ្ឌឫស្សីកែវ និងកងកម្លាំងមានសមត្ថកិច្ច ក្នុងការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ព្រមទាំងបន្តធានាថែរក្សាសុវត្ថិភាព និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងមូលដ្ឋានឱ្យកាន់តែមានភាពល្អប្រសើរឡើងជាលំដាប់៕

