រាជធានីភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ បញ្ជាឲ្យកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម បង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ រួមទាំងបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams)។
ការដាក់បទបញ្ជានេះ ធ្វើឡើងក្នុងពេលដែល ឯកឧត្តម ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅបន្ដ របស់នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម នារសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦នេះ នៅសាលប្រជុំអគ្គស្នងការដ្ឋាននគរបាលជាតិ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ បានណែនាំ ក៏ដូចជាក្រើនរំលឹកដល់កងកម្លាំងអស់ ត្រូវប្រកាន់ភ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈនគរបាល ដោយមិនត្រូវចូលខ្លួនទៅជាប់ពាក់ព័ន្ធ ឬនៅពីក្រោយខ្នងបទល្មើសណាមួយឡើយ។
ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ ក៏បានឯកភាពលើរបាយការណ៍ដែលអានដោយលោកឧត្តមសេនីយ៍ទោ អ៊ុក វីរៈ អនុប្រធាននាយកដ្ឋាន និងបានឯកភាពលើផ្ដល់មតិណែនាំរបស់ លោកឧត្តមសេនីយ៍ត្រី សេន សុភាព ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ព្រមទាំងបានកោតសរសើរ វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ នូវកិច្ចខិតខំប្រឹងប្រែងនាពេលកន្លងមក សម្រេចលទ្ធផលបានល្អប្រសើរ។
ដើម្បីប្រសិទ្ធភាពការងារបន្ថែមទៀត ឯកឧត្តម ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ បានផ្ដល់អនុសាសន៍ណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃនាយកដ្ឋាន ដូចខាងក្រោម៖
១.ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌មន្រ្តីនគរបាល រាល់ពេលបំពេញបេសកកម្មហាមប្រព្រឹត្តប្រះចាកពីច្បាប់កំណត់ ក្នុងករណីរកឃើញបើស្រាលអនុវត្តតាមវិន័យកងកម្លាំង បើធ្ងន់ធ្ងរនឹងទៅច្បាប់
២.រៀបចំផែនការ ក៏ដូចជាតួនាទីភារកិច្ចមន្ត្រី និងថ្នាក់ដឹកនាំនាយកដ្ឋាន ដើម្បីធ្វើការចុះបង្ក្រាបទីតាំងបើកល្បែងស៊ីសងខុសច្បាប់ ជាពិសេសភូមិសាស្រ្តរាជធានីភ្នំពេញ។
៣.មិនត្រូវជាប់ពាក់ព័ន្ធ ឬដកខ្លួនចេញជាបន្ទាន់ករណីពាក់ព័ន្ធនឹងរឿងល្បែងស៊ីសងខុសច្បាប់ និងកាស៊ីណូដែលមិនមានអាជ្ញាបណ្ណ
៤.ជំរុញឱ្យនាយកដ្ឋានកោះហៅ និងណែនាំដល់បុគ្គលណាដែលផ្សព្វផ្សាយអំពីល្បែងខុសច្បាប់គ្រប់ប្រភេទ នៅលើបណ្ដាញសង្គម ក្នុងករណីណែនាំហើយនៅតែមិនបញ្ឈប់សកម្មភាព កម្លាំងជំនាញត្រូវអនុវត្តនីតិវិធី ដែលអាចឈានដល់ការឃាត់ខ្លួន។
៥.ជំរុញតាមបណ្ដាស្នាក់ការយកចិត្តទុកដាក់ខ្ពស់ ក្ដាប់សភាពការណ៍ដែលកើតឡើងនៅក្នុងកាស៊ីណូ និងធ្វើរបាយការណ៍ឱ្យបានច្បាស់លាស់។
៦.ពង្រឹងការអនុវត្តចំណារ ដែលថ្នាក់ដឹកនាំប្រគល់ជូន ដោយយកចិត្តទុកដាក់អនុវត្ត និងឆ្លើយតបឱ្យបានឆាប់រហ័ស។
៧.ពង្រឹងសាមគ្គីភាពផ្ទៃក្នុង ដោយធ្វើការងារជាក្រុម និងបន្តចែករំលែកចំណេះដឹង ជំនាញ និងបទពិសោធន៍គ្នាទៅវិញទៅមក។
៨.ត្រូវបើកវគ្គបណ្ដុះបណ្ដាលបំប៉នជំនាញដល់មន្ត្រី ដើម្បីបង្កើនប្រសិទ្ធភាពការងារឱ្យកាន់តែល្អប្រសើរ។
៩.យកចិត្តទុកដាក់ខ្ពស់ និងពង្រឹងលើការងារប្រឆាំងការសម្អាតប្រាក់ ជាពិសេសរបាយការណ៍ស៊ើបការណ៍ហិរញ្ញវត្ថុ (រ.ស.ក) ពីក្រុមការងារប្រឆាំងការសម្អាត និងហិរញ្ញប្បទានភេរវកម្ម (បសប.ហភ)។
បន្ថែមពីនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ ក៏បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងថ្លែងការកោតសរសើរ វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីក្នុងនាយកដ្ឋានទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់លើកិច្ចការថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម៕

