បាត់ដំបង៖ ដោយអនុវត្តនូវបទបញ្ជាយ៉ាងហ្មឹងម៉ាត់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១៥:៤០នាទី នៅចំណុចក្រុមទី២៧ ភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសង្កែ ដឹកនាំដោយលោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួន លេខ ១២៧០ ត.ព្រ របស់លោក ថាន់ ឃុង ចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តបាត់ដំបង ដែលបង្គាប់ឱ្យចាប់ខ្លួនពិរុទ្ធជនម្នាក់ ឈ្មោះ រិន សុដេវីត ហៅ វីត ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ពីបទអំពើលួច (សំលៀកបំពាក់) ប្រព្រឹត្តនៅចំណុចផ្លូវបរិវេណវត្តដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញ បានបញ្ជូនខ្លួនពិរុទ្ធជនខាងលើ ទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធី៕
