ឯកឧត្តម នាយឧត្តម ស ថេត ចាត់ស្នងការនគរបាលខេត្តបាត់ដំបង ចុះសួរសុខទុក្ខ និងនាំយកថវិកាចំនួន ៣០០០ដុល្លារ និងផ្លែឈើ ១កន្ត្រក ប្រគល់ជូននារីពលកររងគ្រោះក្នុងអំពើរំលោភបំពានលើរាងកាយពីសំណាក់ទាហានឈុតខ្មៅថៃ

 

បាត់ដំបង ៖ អនុវត្តតាមអនុសាសន៍ណែនាំ និងការយកចិត្តទុកដាក់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង បានដឹកនាំសហការីចុះសួរសុខទុក្ខ និងនាំយកថវិកាដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ចំនួន ៣០០០ដុល្លារ និងផ្លែឈើ ១កន្រ្តក ប្រគល់ជូននារីជាពលកររងគ្រោះក្នុងអំពើរំលោភបំពានលើរាងកាយពីសំណាក់ទាហានឈុតខ្មៅថៃ ខណៈនារីរងគ្រោះ និងពលករប្រុសស្រីជាង ១០នាក់ ធ្វើដំណើរចេញពីប្រទេសថៃ វិលចូលមកប្រទេសកម្ពុជា តាមច្រកស្វាយចេក នៃស្រុកកំរៀង ខេត្តបាត់ដំបង។
លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ បានឱ្យដឹងថា នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង២២៖១០នាទី កម្លាំងប៉ុស្តិ៍នគរបាលស្វាយចេក និងកម្លាំងផ្នែកស៊ើបការ សហការជាមួយកម្លាំងយោធាវរៈ៥៣៤ និងផ្នែកសឹករងស្រុកកំរៀង បានទទួលពលករវិលត្រឡប់មកពីប្រទេសថៃវិញ ចំនួន ១៣នាក់(ស្រី ៦នាក់ កុមារ ១នាក់) នៅចំណុចភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។


បើតាម លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង បញ្ជាក់ថា តាមការសាកសួរពីពលករទាំងអស់ខាងលើ បានឱ្យដឹងថា ពេលពួកគាត់មកដល់ព្រំដែនត្រូវបានទាហានឈុតខ្មៅថៃ ធ្វើបាប និងប្រមូលយកលុយអស់ចំនួន ៦,៥០០បាត ទូរស័ព្ធចំនួន ៤គ្រឿង ដោយពលករប្រុសៗទាហានថៃបានធ្វើបាបវ៉ៃទាត់ធាក់ និងអុកស្វាយកាំភ្លើង រីឯពលករនារីម្នាក់ក្នុងចំណោមនោះត្រូវបានទាហានឈុតខ្មៅថៃចាប់យកទៅធ្វើការរំលោភបំពានលើរាងកាយរួចទើបបញ្ជូនឱ្យឆ្លងដែនមកប្រទេសកម្ពុជា តាមតាមច្រកស្វាយចេក ស្រុកកំរៀង ខេត្តបាត់ដំបង។


លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ បន្តថា ដោយមើលឃើញពីអំពើអមនុស្សធម៌ពីសំណាក់ទាហានឈុតខ្មៅថៃមកលើនារីរងគ្រោះ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានចាត់រូបលោក នាំយកថវិកាចំនួន ៣០០០ដុល្លារ និងផ្លែឈើ ១កន្រ្តក ទៅសួរសុខទុក្ខនារីរងគ្រោះដែលកំពុងសម្រាកនៅមន្ទីរពេទ្យខេត្តបាត់បង ។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីអាណិតអាសូរពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នការនគរបាលជាតិ ជូនដល់នារីរងគ្រោះ និងសូមឱ្យនាររងគ្រោះថែរក្សាសុខភាព និងពង្រឹងស្មារីផ្លូវចិត្តឱ្យបានល្អ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *