អភិបាលខេត្តពោធិ៍សាត់ ចុះអន្តរាគមន៍សង្គ្រោះបន្ទាន់ ជនរងគ្រោះពីអំពើរំលោភបំពានរបស់ទាហានថៃ និងបន្តចុះសួរសុខទុក្ខ ជនជម្លៀសខ្លួនចេញពីតំបន់ប្រឈមសមរភូមិមុខ មកកាន់ទីកន្លែងសុវត្ថិភាព

(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត នាថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញចុះអន្តរាគមន៍សង្គ្រោះបន្ទាន់ ជនរងគ្រោះពីអំពើរំលោភបំពានរបស់ទាហានថៃ ព្រមទាំងបន្តចុះសួរសុខទុក្ខ បងប្អូនពុកម៉ែប្រជាពលរដ្ឋ ដែលបានជម្លៀសខ្លួន ចេញពីតំបន់ប្រឈមសមរភូមិមុខ ព្រំដែនកម្ពុជា-ថៃ ក្នុងឃុំថ្មដា មកកាន់ទីកន្លែងសុវត្ថិភាព ក្នុងឃុំប្រម៉ោយ ស្រុកវាលវែង។

ក្នុងឱកាសនោះ លោក ខូយ រីដា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីនៃកម្ពុជា ជូនចំពោះបងប្អូនពុកម៉ែប្រជាពលរដ្ឋទាំងអស់។ លោកបានបញ្ជាក់ថា ទីកន្លែងនេះ គឺមានសុវត្ថិភាពខ្ពស់ មានទាំងគ្រូពេទ្យ និងមានស្បៀងអាហារគ្រប់គ្រាន់ផ្តល់ជូនបងប្អូន។ ចំពោះបងប្អូនពុកម៉ែប្រជាពលរដ្ឋ ដែលពុំទាន់បានចាកចេញ យើងក៏មានរថយន្តដើម្បីត្រៀមជម្លៀសចេញជាបន្តបន្ទាប់។

លោកបានអំពាវនាវដល់បងប្អូនពុកម៉ែប្រជាពលរដ្ឋ ត្រូវថែរក្សាសុខភាពជាប់ជាប្រចាំ ដោយត្រូវប្រកាន់ភ្ជាប់ ការផឹកស្អាត ហូបស្អាត និងរស់នៅស្អាត និងត្រូវជឿជាក់លើការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ អគ្គភ័ស្តុភារជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែន តាមច្បាប់ និងគោលការណ៍អន្តរជាតិជាធរមាន។

លោកក៏សូមសំដែងនូវការសោកស្តាយជាពន់ពេក និងសូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើឈ្លានពានយ៉ាងព្រៃផ្សៃរបស់កងកម្លាំងប្រដាប់អាវុធថៃ មកលើដែនអធិបតេយ្យភាព របស់កម្ពុជា ចាប់ពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ រហូតមកដល់ពេលនេះ ដែលបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជា បានបាត់បង់ជីវិត និងរងរបួសមួយចំនួន ព្រមទាំងខូចខាតហេដ្ឋារចនាសម្ព័ន្ធសាធារណៈ លំនៅឋានប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិយ៉ាងច្រើនសន្ធឹកសន្ធាប់ នៅតាមបណ្តាតំបន់ជាច្រើន ជាពិសេសនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ផ្ទាល់។

សកម្មភាពឈ្លានពានដ៏ឃោរឃៅ និងព្រៃផ្សៃរបស់យោធាថៃ មកលើដែនអធិបតេយ្យភាព របស់កម្ពុជា គឺជាទង្វើយង់ឃ្នងព្រៃផ្សៃ អមនុស្សធម៌ អសីលធម៌ គ្មានសច្ចធម៌ និងគ្មានច្បាប់ទម្លាប់ ជាពិសេសបានរំលោភ បំពានម្តងហើយម្តងទៀតនូវធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន ច្បាប់សិទ្ធិមនុស្សអន្តរជាតិ ច្បាប់មនុស្សធម៌អន្តរជាតិ សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ីអាគ្នេយ៍ ព្រមទាំងបានរំលោភបំពានយ៉ាង គឃ្លីនសារជាថ្មីម្តងទៀត លើសេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួរ ដែលបានចុះហត្ថលេខារវាង កម្ពុជា និងថៃ ក្រោមការចូលរួមជាសាក្សី ពីសំណាក់ លោក Donald J. Trump ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលប្រារព្ធធ្វើឡើងនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥កន្លងទៅនេះ។

គិតមកត្រឹមម៉ោង០៣រសៀល ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥នេះ មានបងប្អូនជនភៀសសឹក កំពុងស្នាក់នៅបណ្តោះអាសន្ននៅទីតាំងមានសុវត្ថិភាព សរុបចំនួន១,៧៧៩នាក់ ក្នុងនោះស្រី មានចំនួន៩៣១នាក់, សិស្សានុសិស្ស ចំនួន៣៨៩នាក់, ស្រ្តីមានផ្ទៃពោះ ចំនួន០៩នាក់ និងមនុស្សអាយុក្រោម១៥ឆ្នាំ មានចំនួន៦០៤នាក់ ៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

.

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *