ភ្នំពេញ ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សហការ ជាមួយសមាគមមូលនិធិ សម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍ សហគ្រាសធុនតូច និង មធ្យមនៅកម្ពុជា (FASMEC) នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ វេទិកាសារព័ត៌មាន លើប្រធានបទ «រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ” នៅការិយាល័យកណ្តាល សមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និង មធ្យមនៅកម្ពុជា ។
ក្នុងឱកាសពិធីបើកវេទិកា សារព័ត៌មានលើប្រធានបទ «រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ” ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា និង ឧញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល សមាគមមូលនិធិសម្ដេចតេជោ និង FASMEC ព្រមទំាងម្ចាស់សហគ្រាស ធុនតូច និង មធ្យមនៅកម្ពុជា និងអ្នកសារព័ត៌មានពី៦០ អង្គភាពចំនួន ៨៥នាក់ចូលរួម ។
ចូលរួមវេទិកាសារព័ត៌មានគាំទ្រពីសមាគមមូលនិធិ សម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា (FASMEC) ក.អ.ក នឹងរៀបចំ វេទិកាសារព័ត៌មានដូចប្រធានបទខាងលើ ដើម្បីផ្តល់ឱកាស ដល់ថ្នាក់ដឹកនាំ FASMEC បានលើក ឡើងជាថ្មីម្តងទៀត ពីការជំរុញការផលិតផលិតផល ក្នុងស្រុក និងការលើកទឹកចិត្ត ប្រើប្រាស់ផលិតផល ក្នុងស្រុកក្នុងបរិបទ នៃចលនាពហិកា មិនប្រើប្រាស់ផលិតផលប្រទេសថៃ រួមទាំងបញ្ហាប្រឈមលើវិស័យ សេដ្ឋកិច្ចពិភពលោក ។
ឧញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល សមាគមមូលនិធិសម្ដេចតេជោ និង FASMEC បានមានប្រសាសន៍ថា ដោយសារមានការសំណូមពរ ពីម្ចាស់សហគ្រាស សិប្បកម្មផលិត ដែលបានចូលរួមពិព័រណ៌ កាលពីលើកទី១ និងលើកទី២ ទទួលបានជោគជ័យ ដូច្នេះពួកគាត់ចង់ឲ្យមាន ការរៀបចំការពិពរ័ណ៌បែបនេះ ជាលើកទី៣ និងជាបន្តបន្ទាប់ទៀត ។ ទន្ទឹមនឹងនេះ ក៏ជាឱកាសដែលធ្វើឲ្យសិប្បកម្ម ដែលទើបនឹងបង្កើតថ្មីៗ បានតាំងបង្ហាញផលិតផលរបស់ខ្លួនជូនដល់សាធារណៈជនឲ្យបានស្គាល់បានដឹង។ បទពិសោធន៍ពីការរៀបចំ តាំងពិព័រណ៍លើកមុនគឺ មានការគាំទ្រពីប្រពលរដ្ឋខ្មែរ ការកែតម្រូវការវេចខ្ចប់ និងពង្រឹងគុណភាពព្រមទាំងអនុលោមតាមច្បាប់ព្រះរាជា ណាចក្រកម្ពុជា ។
ឧញ៉ា តែ តាំងប៉ បានបន្តថា ការតាំងពិព័រណ៌លើកនេះ ពីមួយលើកទៅមួយលើក មានក្រុមហ៊ុនចូលរួមកើនឡើង ជាលំដាប់ ។ អ្វីដែលប្លែកជាងមុន គឺដោយសារលើកនេះ មានផលិតផលថ្មីៗ ប្លែក ព្រមទាំងបច្ចេកវិទ្យាផលិតទំនើបជាងមុន ។
ស្ថានភាពបច្ចុប្បន្ន ៖ សង្វាក់ផលិតកម្មក្នុងស្រុក កំពុងមានការរីកចម្រើន និងមានស្តង់ដារល្អជាងមុនដោយពលរដ្ឋខ្មែរ មានមោទនភាព និងយល់ដឹងពីតម្លៃ នៃការប្រើ ប្រាស់ទំនិញក្នុងស្រុក ប្រកបដោយភាពជឿជាក់ និងទំនុកចិត្ត ៕


