ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ រសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦នេះ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់មន្ទីរសុខាភិបាល នៃរដ្ឋខេត្តពោធិ៍សាត់។
លោកវេជ្ជបណ្ឌិត តឹក សុភាព ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់ បានជម្រាបជូនវឌ្ឍនភាពវិស័យសុខាភិបាល ដោយបច្ចុប្បន្នមានបុគ្គលិកចំនួន៨០៤នាក់ ក្នុងនោះវេជ្ជបណ្ឌិត៦៤នាក់ គ្រូពេទ្យមធ្យម៩នាក់ ឆ្មបមធ្យម ២៥៩នាក់ គិ.ធម្យម២៨២នាក់ ក្រៅពីនោះ ឆ្មបបឋម ទីពិសោធន៍ ឱសថការី និងមន្ត្រីជំនាញមួយចំនួនទៀត បាននឹងកំពុងបំពេញការងារតាមជំនាញដូចជា កម្មវិធីសុខភាព បន្តពូជ សុខភាពមាតា ទារក និងកុមារ ប្រយុទ្ធប្រឆាំងជំងឺឆ្លង ជំងឺគ្រុនចាញ់ ជំរបេង ជំងឺហង់សិន និងជំងឺដទៃទៀត ទទួលបានលទ្ធផលល្អប្រសើរ។
នៅឆ្នាំ២០២៦នេះ មណ្ឌលសុខភាពចំនួន២ គឺមណ្ឌលសុខភាពសំរោង និងបឹងបត់កណ្តោលត្រូវបានជ្រើសរើស ដោយគណៈកម្មការវាយតម្លៃថ្នាក់ជាតិ ក្នុងចំណោម១០ទូទាំងប្រទេស ដើម្បីដាក់បញ្ចូលនៅក្នុងវគ្គផ្តាច់ព្រ័ត នៃការប្រឡងប្រណាំង។ ក្នុងរយៈពេល៥ឆ្នាំនេះ ក្រសួង និងមន្ទីរសុខាភិបាល បានខិតខំកៀងគរប្រភពថវិកា សម្ភារៈ សម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធ ក្នុងនោះគម្រោងរបស់អង្គការកូហ្វី បានកែសោភណ្ឌភាព ពង្រីកទំហំអគារ និងរួមទាំងសាងសង់ថ្មី ចំនួន៥៤ទីតាំងផងដែរ។
ឯកឧត្តម ខូយ រីដា បានថ្លែងថា វិស័យសុខាភិបាល ពិតជាបានចូលរួមក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋចៀសផុតពីជំងឺផ្សេងៗ កាត់បន្ថយការចំណាយ និងរកបានប្រាក់ចំណូលក្នុងគ្រួសារ ធ្វើឱ្យជីវភាពកាន់តែប្រសើរ។ កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា បានពង្រឹងវិស័យនេះ សំដៅទៅរកការផ្តល់សេវាសុខាភិបាលជាសារវន្ត ដល់ជនងាយរងគ្រោះមានដូចជាស្ត្រី កុមារ ជនពិការ ចាស់ជរា ពលរដ្ឋក្រីក្ររស់នៅជនបទ។ នៅគ្រប់មូលដ្ឋានសុខាភិបាល បានអនុវត្តត្រឹមត្រូវ តាមដានត្រួតពិនិត្យនិងចុះអធិការកិច្ចជាប់ជាប្រចាំ។
ឯកឧត្តមបានលើកឡើងថា ក្នុងអំឡុងពេលនៃសង្គ្រាមឈ្លានពានរបស់ទាហានសៀម ក្នុងដែនអធិបតេយ្យភាពកម្ពុជា ក្នុងភូមិសាស្ត្រឃុំថ្មដា ស្រុកវាលវែងនោះ ទាំងថ្នាក់ដឹកនាំមន្ត្រីរាជការសុខាភិបាល និងក្រុមគ្រូពេទ្យ មានភាពក្លាហានតស៊ូ ប្រកបដោយការទទួលខុសត្រូវខ្ពស់ផ្នែកបច្ចេកទេសក្នុងការជូយសង្គ្រោះ ថែទាំ និងព្យាបាលវីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹក ដោយទឹកចិត្តមនុស្សធម៌ រីករាយ និងសណ្តានចិត្តប្រពៃ ក្នុងនាមជាកងទ័ពអាវសយ៉ាងពិតប្រាកដ។
ឯកឧត្តមសូមស្នើដល់មន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ត្រូវធានានូវគុណភាព និងក្រមសីលធម៌វិជ្ជាជីវៈ លើការព្យាបាលថែទាំលើអតិថិជន និងអ្នកជំងឺ ដើម្បីធានាលើការផ្តល់សេវា ដោយមិនប្រកាន់នូវនិន្នាការនយោបាយ ពូជសាសន៍ ជនជាតិ និងពណ៌សម្បុរ។ ពិសេសត្រូវពង្រឹង និងជំរុញបន្ថែមទៀត នូវការអនុវត្តច្បាប់គ្រប់គ្រងឱសថ ការប្រកបវិជ្ជាជីវៈឯកជន ក្នុងវិស័យវេជ្ជសាស្ត្រ អមវេជ្ជសាស្ត្រ និងជំនួយវេជ្ជសាស្ត្រ… ដើម្បីធានាសុវត្ថិភាព ផ្នែកបច្ចេកទេស ដល់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់សេវាទាំងនោះ។

