ឯកឧត្តម យូណេហ្សាវ៉ា អាត់ស៊ូស៊ី ប្រធានកាយាល័យកុងស៊ុលជប៉ុន ប្រចាំខេត្តសៀមរាប អញ្ជើញ ចូលជួបសម្ដែងការគួរសមជាមួយថ្នាក់ដឹកនាំស្នងការនគរបាលខេត្តបន្ទាយមានជ័យ

(ខេត្តបន្ទាយមានជ័យ) :នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំលោកឧត្តមសេនីយ៍ស្នងការរង លោកនាយការិយាល័យ អន្តោប្រវេសន៍ជួបសម្តែងការគួរសមជាមួយ ឯកឧត្តម យ៉ូណេហ្សាវ៉ា អាត់ស៊ូស៊ី ប្រធានការិយាល័យកុងស៊ុលជប៉ុន ប្រចាំខេត្តសៀមរាប នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។

ឯកឧត្តម យ៉ូណេហ្សាវ៉ា អាត់ស៊ូស៊ី ប្រធានការិយាល័យកុងស៊ុលជប៉ុន ប្រចាំខេត្តសៀមរាប បានថ្លែងនូវការកោតសរសើរ ចំពោះការ ខិតខំប្រែង និងកិច្ចសហការល្អ របស់កងកម្លាំងនគរបាល ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ដែលបានបំពេញតួរនាទី ភារកិច្ច ការពារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណ: ជូនប្រជាពលរដ្ឋបានល្អ ទាំងការផ្តល់សេវាសាធារណ: ទាំងការបង្ការ បង្ក្រាបបទល្មើសនានា និងគ្រោះថ្នាក់ផ្សេងៗ ជាពិសេសក្នុងកិច្ចការបង្រ្កាបស្កែមអនឡាន និងការពារបូរណភាពទឹកដីពីការឈ្លានពានពីសំណាក់ភាគីសៀម ។ ជាចុងបញ្ជប់លោកក៏បានធ្វើការស្នេីសុំកិច្ចសហប្រតិបត្តិការបន្ថែមជាមួយនឹងស្នងការនគរបាលខេត្តក្នុងការជួយគាំទ្រយកចិត្តទុកដាក់លើបងប្អូនជនជាតិជប៉ុនដែលមកធ្វើការ និងវិនិយោគនៅក្នុងខេត្តបន្ទាយមានជ័យ ក្នុងករណីមានអ្វីមួយកើតឡើង មានការសហការនិងផ្តល់ព័ត៌មានមកការិយាល័យកុងស៊ុលជប៉ុន ដើម្បីធ្វើការអន្តរាគមន៍ឱ្យបានទាន់ពេលវេលា។

លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក៏សូមស្វាគមន៍យ៉ាងកក់ក្តៅ និងជួយសម្របសម្រួលធានាដល់ការការពារសន្តិសុខ សុវត្ថិភាពដល់គ្រប់ធុរជនទាំងអស់ក៏ដូចជាបងប្អូនជនជាតិជប៉ុនតាមផ្លូវច្បាប់ និងចំពោះអ្នកវិនិយោគជប៉ុនក្នុងខេត្តបន្ទាយមានជ័យ ឱ្យបានល្អ និងចុងបញ្ជប់លោកឧត្តមសេនីយ៍ស្នងការ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម យ៉ូណេហ្សាវ៉ា អាត់ស៊ូស៊ី ប្រធានការិយាល័យកុងស៊ុលជប៉ុន ប្រចាំខេត្តសៀមរាប ដែលបានអញ្ជើញមកជួបសួរសុខទុក្ខសូមទទួលបានសុខភាពល្អ និងជួបពុទ្ធពរ ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពៈលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *