ទីបំផុត! រដ្ឋាភិបាលទីម័រឡេស្តេ បានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov.tl ដែលជួយអភិវឌ្ឍដោយក្រសួងប្រៃសណីយ៍ និងទូរៈគមនាគមន៍កម្ពុជា

 

ទីម័រឡេស្តេ៖ ក្រសួងដឹកជញ្ជូននិងសារគមនាគមន៍ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទីម័រឡេស្តេ បាន​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ថ្នាល​ផ្ទៀង​ផ្ទាត់​ឯកសារ verify.gov.tl របស់សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ” ក្រោម​អធិបតីភាពឯកឧត្តម Miguel Marques Gonçalves Manetelu រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននិងសារគមនាគមន៍ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទីម័រឡេស្តេ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋ​មន្រ្តី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ (ក.ប.ទ.) និងប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.)​ ​នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ និងគណៈប្រតិភូ សរុបចំនួន ៥០០ នាក់។

ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.tl របស់ទីម័រឡេស្តេ គឺជាសមិទ្ធផលនៃការអនុវត្ត “អនុស្សរណៈ​នៃ​ការ​យោគយល់​ស្តីពី​កិច្ចសហប្រតិបត្តិការក្នុងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេក​វិទ្យា​គមនាគមន៍និងព័ត៌មាន និងបរិវត្តកម្មឌីជីថល” រវាង​ក្រសួង​ប្រៃសណីយ៍​និងទូរគមនាគមន៍កម្ពុជា និងក្រសួងដឹកជញ្ជូននិងសារគមនាគមន៍ ទីម័រឡេស្តេ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥កន្លងទៅ ដែល​បាន​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​កិច្ច​សហប្រតិបត្តិការ​ដ៏រឹងមាំ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរវាងប្រទេសទាំងពីរ ក្នុង​ការ​ប្រើប្រាស់​បច្ចេក​វិទ្យាជាឃ្នាស់ ដើម្បីធ្វើឱ្យប្រសើរឡើងការផ្តល់សេវាសាធារណៈ និង​គាំទ្រ​ដល់​ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល។

ដោយមានការគាំទ្រយ៉ាងខ្លាំងពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បាន​ចាត់​បញ្ជូន​មន្រ្តី​ជំនាញ​បច្ចេកទេស​ជួយ​អភិវឌ្ឍផត​ថលជាតិ verify.gov.tl ជូនសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ និងបានធ្វើសមាហរណកម្មជាមួយមូលដ្ឋានទិន្នន័យ (Database) ដែលអាចធ្វើការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃបណ្ណបើកបរជាតិ តាម​រយៈ​ផត​ថល​ជាតិ​នេះ។

សូមបញ្ជាក់ជូនថា សាធារណ​រដ្ឋ​ប្រជាធិបតេយ្យ​ទីម័រឡេស្តេ​បាន​សម្រេច​ជ្រើស​រើស​យក​បណ្ណបើកបរ ជាឯកសារទី១ ក្នុងការដាក់បញ្ចូល QR Code ដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាល verify.gov.tl ដែល​ការ​សម្រេច​ចិត្ត​នេះបា​នជួយឱ្យក្រសួងដឹកជញ្ជូននិងសារគមនាគមន៍ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទីម័រ​ឡេស្តេកាត់​បន្ថយ​ថ្លៃ​ចំណាយ​ក្នុង​ការ​ផលិត​បណ្ណរឹង​ដែល​មាន​តម្លៃ ៤ (បួន) ដុល្លារអាម៉េរិក មកសល់ត្រឹមតែ ០,១ (សូន្យក្បៀសមួយ) ដុល្លារអាម៉េរិកប៉ុណ្ណោះ។

សូមគូសបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះប្រទេសកម្ពុជា ក៏បានដាក់ QR Code ដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាល verify.gov.kh នៅ​លើ​បណ្ណ​បើកបរ​​ដែលអនុញ្ញាតឱ្យអ្នកបើកបរយានយន្តទាំងអស់អាចប្រើប្រាស់ បណ្ណ​បើក​បរទម្រង់ឌីជីថលបានយ៉ាងទូលំទូលាយ និងជា​ផ្លូវ​ការ​ដើម្បី​បង្ហាញ​ដល់​ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធនានា ដោយចំណាយពេលស្នើសុំតិចជាង ១នាទី នៅលើកម្មវិធី DG SuperApp ដោយធ្វើការ Logon តាមរយៈថ្នាល dgconnect ហើយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹង​សហការ​ជា​មួយ​ក្រសួងដឹកជញ្ជូននិងសារគមនាគមន៍ទីម័រឡេស្តេ ដើម្បី​ចែក​រំលែកបទ​ពិសោធនេះ​ជូនសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេបន្តទៀតផងដែរ។

ជាមួយគ្នានេះ ក្រុមការងារបច្ចេកទេសនៃក្រសួងទាំងពីរ នឹងបន្ត​កិច្ច​សហប្រតិបត្តិ​ការក្នុងការពង្រីកការដាក់ឱ្យប្រើប្រាស់ថ្នាល verify.gov.tl លើឯកសារសាធារណៈផ្លូវការដែលចេញដោយក្រសួង ស្ថាប័ន​ពាក់​ព័ន្ធ​នៃ​សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ រួមមាន សញ្ញាបត្រអប់រំ និងឯកសារចុះបញ្ជីអត្រានុកូលដ្ឋានជាដើម ដែល​ការ​សម្រេច​ប្រើប្រាស់​ថ្នាល​ផ្ទៀង​ផ្ទាត់ឯកសារ verify.gov.tl ត្រូវបាន​ទទួល​ការ​ឯក​ភាព​និង​ការ​គាំទ្រ​ពីគណៈ​រដ្ឋមន្រ្តីនៃសាធារណរដ្ឋ ប្រជាធិបតេយ្យទីម័រឡេស្តេផងដែរ។

ក្នុងឱកាសនេះផងដែរ ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត និងឯកឧត្តមរដ្ឋមន្រ្តី Miguel Marques Gonçalves Manetelu បាន​បញ្ជាក់​អំពីជំហរ​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការក្នុងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងបរិវត្តកម្មឌីជីថល៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *