បន្ទាយមានជ័យ: អនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវផែនការដល់កងកម្លាំងអធិការដ្ឋាននគរបាលតាមបណ្តាក្រុង-ស្រុក ពង្រឹងការចុះផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព ជូនប្រជាពលរដ្ឋ ដើម្បីរួមគ្នាបង្ការ បង្ក្រាប បទល្មើសគ្រប់ប្រភេទក្នុងមូលដ្ឋាន។
យោងស្មារតីកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែតុលា ឆ្នាំ២០២៥ និងដាក់ចេញទិសដៅសម្រាប់អនុវត្តខែបន្ទាប់ កន្លងទៅថ្មីៗនេះ លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានដាក់ ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កម្លាំងនគរបាលទូទាំងខេត្ត ត្រូវពង្រឹងការងារសន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់សង្គម និងសន្តិសុខព្រំដែន, ពង្រឹងការផ្តល់សេវាសាធារណ:ជូនប្រជាពលរដ្ឋឲ្យបានល្អ និងទាន់ពេលវេលា, ពង្រឹងការយាមល្បាត ប្រចាំការ ២៤ម៉ោង, បន្តស្រាវជ្រាវ បង្ការ បង្ក្រាប បទល្មើសគ្រប់ប្រភេទ និងក្មេងទំនើង, ត្រៀមកម្លាំងសម្រាប់ចុះអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីកើតមានគ្រប់អគ្គីភ័យ ឬគ្រោះធម្មជាតិនានាជាយថាហេតុ។
ក្រៅពីកិច្ចការងារស្នូល កម្លាំងនគរបាលពិសេសកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល បានចុះជួយសម្រួលចរាចរណ៍ជូនលោកគ្រូអ្នកគ្រូតាមសាលារៀន និងនាំយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងសៀវភៅគ្រួសារទៅចែកជូនប្រជាពលរដ្ឋតាមខ្នងផ្ទះផងដែរ៕

