ខេត្តកំពង់ឆ្នាំង ៖ មន្ត្រីជំនាញរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងអះអាងថា ត្រីឆ្នាំនេះសំបូរខ្លាំង ដោយសារទឹកទន្លេឡើងធំ និងការបង្ក្រាបបានយ៉ាងខ្លាំងក្លាពីសំណាក់មន្ត្រីជំនាញ និងកងកម្លាំងកងយោធពលខេមរៈភូមិន្ទជាច្រើនអង្គភាព ។
លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ផលត្រីឆ្នាំនេះ កើនឡើងជាងឆ្នាំកន្លងទៅ ដោយកត្តារួមផ្សំជាច្រើនយ៉ាង ដូចជាឆ្នាំនេះទឹកទន្លេឡើងខ្ពស់ ប៉ុន្តែស្រកទៅវិញយឺត ធ្វើឱ្យត្រីលូតលាស់ ធំធាត់ លើទីវាលដែលមានវិសាលភាពធំទូលាយ គ្រប់ទីកន្លែង ហើយនៅខ្នើតខែក្រោយ ត្រីនឹងចាប់ផ្ដើមចុះ ពីបឹងទន្លេសាប បើគ្មានការប្រែប្រួលទេ ត្រីនឹងត្រូវខ្លាំងនៅខ្នើតខែក្រោយនេះ។
កត្តាមួយទៀត គឺការបង្ក្រាបបទល្មើសនេសាទពីសំណាក់មន្ត្រីជំនាញជលផល សហការជាមួយ សហគមន៍នេសាទ អាជ្ញាធរមូលដ្ឋាន ក៏ដូចជាការខិតខំប្រឹងប្រែងរបស់កងកម្លាំងយោធាជាច្រើនអង្គភាពនៅតាមដងទន្លេ និងបឹងទន្លេសាប ។
ជាចុងក្រោយ លោកបានបញ្ជាក់ថា ផលត្រីឆ្នាំនេះ មិនត្រឹមតែសំបូរទេ គឺត្រីធំៗថែមទៀត ។ ចំពោះតម្លៃទីផ្សារ ក៏មានតម្លៃសមរម្យអាចទទួលយកបាន ៕

