ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញអមដំណើរ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក នឹងឧតុនិយម ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង ចុះពិនិត្យការងារកាយសំអាតបាតអាង ទំនប់និងរៀបចំគ្រឹះទំនប់អាងទឹកលេខ២ លើស្ទឹងអារ៉ៃ ក្នុងឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់

(ពោធិ៍សាត់) ព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញអមដំណើរ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង ចុះពិនិត្យការងារកាយសម្អាតបាតអាង សាងសង់តួទំនប់ និងរៀបចំគ្រឹះទំនប់អាងទឹកលេខ២ លើស្ទឹងអារ៉ៃ ក្នុងឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ខណៈដែលបច្ចុប្បន្នសម្រេចបានប្រមាណជិត៤០%ហើយ។

សូមជម្រាបថា ទំនប់អាងទឹកលេខ២ មានផ្ទៃអាងទំហំ ៤,០១៦ហិកតា អាចស្តុកទឹកបាន៨៦០លានម៉ែត្រគូប និងអាចស្រោចស្រពលើផ្ទៃដីប្រមាណ២៦២,៥០០ហិកតា។ ការងារសំខាន់ៗរបស់គម្រោងរួមមាន៖
ទី១-ទំនប់ដី ប្រវែង៤១០ម៉ែត្រ ចាក់បេតុងពីលើកម្រាស់ ២០សង់ទីម៉ែត្រ កម្ពស់៤០ម៉ែត្រ មានទទឹងខ្នងលើ១០ម៉ែត្រ,
ទី២-ទំនប់បង្ហៀរមួយកន្លែង ប្រវែង២៨១ម៉ែត្រ មានប្រវែងរំហូរទឹក១៦៥ម៉ែត្រ ព្រមទាំងមានស្ពានពីលើ១៦៥ម៉ែត្រ និងមានទទឹង១០ម៉ែត្រ មានលូបញ្ចេញទឹក២កន្លែង មុខកាត់១,២ម៉ែត្រ ប្រវែង២៤៨.៥០ម៉ែត្រ,
ទី៣-សាងសង់ផ្លូវត្រីមួយកន្លែង មានទទឹង២,៩ម៉ែត្រ បណ្តោយ១៦៥២ម៉ែត្រ,
ទី៤-អគារសហគមន៍មួយ និងរោងម៉ាស៊ីនភ្លើង ១កន្លែង,
ទី៥-រៀបថ្មជើងទេរមុខក្រោយ ប្រវែង១គីឡូម៉ែត្រ
ទី៦-សាងសង់ផ្លូវបេតុងចូលទៅសំណង់ ១១,៥៥គីឡូម៉ែត្រ និងទទឹង៨ម៉ែត្រ
និងទី៧-សាងសង់សំណង់សិល្បការ្យតាមផ្លូវ ចំនួន៥០កន្លែង។

នៅពេលដែលទំនប់នេះបញ្ចប់ការសាងសង់ វឌ្ឍនភាពនៃគម្រោងនេះ មានគុណប្រយោជន៍ដ៏ធំ សម្រាប់ប្រជាជនខេត្តពោធិ៍សាត់ ទី១លើវិស័យកសិកម្ម ទី២លើវិស័យទេសចរណ៍ និងទី៣ គឺធ្វើឲ្យខេត្តពោធិ៍សាត់ លែងលិចទឹកទៀតហើយ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *