(ពោធិ៍សាត់)៖ បងប្អូនពុកម៉ែប្រជាពលរដ្ឋ ចំនួន៩៨គ្រួសារ ដែលរស់នៅ និងសាងសង់សំណង់អនាធិបតេយ្យ នៅតាមបណ្តោយមាត់ស្ទឹងពោធិ៍សាត់ ចាប់ពីចំណុចស្ពានថ្ម រហូតដល់ស្ពានអាកាសផ្លូវវាងក្រុង ត្រើយខាងកើតស្ទឹង នាថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥ បានចូលរួមចាប់ឆ្នោត ទទួលយកដីឡូតិ៍លំនៅឋានថ្មី មានប្លង់កម្មសិទ្ធិស្របច្បាប់ត្រឹមត្រូវ ដោយក្នុងមួយគ្រួសារៗ ទទួលបានដីមួយឡូតិ៍ ទំហំ៥x២០ម៉ែត្រ ស្ថិតក្នុងភូមិបឹងយា ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
ពិធីសំណេះសំណាល និងចាប់ឆ្នោតទទួលយកដីឡូតិ៍លំនៅឋានខាងលើ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងដោយបានការចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ រដ្ឋបាលក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង។
ឯកឧត្តម ខូយ រីដា បានជម្រាបជូនថា ក្នុងរយៈពេលដឹកនាំខេត្ត បានជាង៣ឆ្នាំមកនេះ លោកបានប្ដេជ្ញាចិត្ត រួមគ្នាជាមួយ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ថាធ្វើឱ្យខេត្តមួយនេះ កាន់តែប្រែមុខប្រែមាត់ និងមានការអភិវឌ្ឍន៍រីកចម្រើន។
ជាក់ស្តែងដូចជាបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅរ៉បមាត់ស្ទឹងពោធិ៍សាត់ ទាំង៩៨គ្រួសារ គឺត្រូវទទួលបានដីឡូតិ៍លំនៅឋានថ្មី មានប្លង់កម្មសិទ្ធិស្របច្បាប់ មានប្រព័ន្ធលូ ប្រព័ន្ធទឹក ភ្លើងត្រឹមត្រូវ ជាការដោះស្រាយគោលនយោបាយ ឱ្យបងប្អូនចាកចេញពីដីសាធារណៈរបស់រដ្ឋ ដើម្បីយកទីតាំងនោះ មកធ្វើការអភិវឌ្ឍន៍ ជាច្រាំងស្ទឹង មានសួនច្បារ មានកន្លែងហាត់ប្រាណ មានកន្លែងអង្គុយលេងកម្សាន្ត ទស្សនាទូរទស្សន៍LED ប្រកបដោយសោភ័ណភាព អនាម័យបរិស្ថាន ផាសុកភាព និងមានសណ្ដាប់ធ្នាប់ល្អ បូករួមទាំងការដាក់ភ្លើងបំភ្លឺផ្លូវតាមទីសាធារណៈនានា…។ល។
លោកបន្តថា ការខិតខំប្រឹងប្រែងនេះ គឺដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ និងអ្នកវិនិយោគជិតឆ្ងាយ ចូលមកទស្សនាកម្សាន្ត និងចង់បណ្តាក់ទុនក្នុងខេត្តយើងឱ្យកាន់តែច្រើនឡើង ជាពិសេសបង្កលក្ខណៈ និងត្រៀមទទួលទេសចរ ចូលរួមក្នុងពិធីបុណ្យទន្លេ ដែលខេត្តពោធិ៍សាត់ គ្រោងនឹងទទួលជាម្ចាស់ផ្ទះ ក្នុងឆ្នាំ២០២៦ខាងមុខផងដែរ។
លោក ខូយ រីដា បានគូសបញ្ជាក់ថា បើនិយាយពីច្បាប់ គឺបងប្អូនយើងខុសច្បាប់បាត់ទៅហើយ ក៏ប៉ុន្តែក្នុងនាមអាជ្ញាធរខេត្ត លោកត្រូវចេញមុខដោះស្រាយបញ្ហាទាំងអស់នេះ ជាមួយបងប្អូនយើង ព្រោះថាវាគ្មានអ្វីចំណេញ ជាងការដោះស្រាយដោយសន្តិវិធីនោះឡើយ។ ទាំងអាជ្ញាធរដែនដី ក៏ដូចមន្ត្រីរាជការ និងប្រជាជនក្នុងខេត្តពោធិ៍សាត់ គឺមានការសប្បាយចិត្តជាខ្លាំង ដែលបងប្អូនប្រជាពលរដ្ឋទាំង៩៨គ្រួសារ បានយល់ព្រមទទួលយកការដោះស្រាយ ស្របតាមគោលនយោបាយ ឈ្នះ-ឈ្នះ ទាំងអស់គ្នា។
លោកក៏បានថ្លែងឱ្យដឹង ពីគម្រោងរៀបចំឧបករណ៍ហាត់ប្រាណ និងធ្វើជាកូនផ្សារតូចមួយ នៅទីតាំងដីដែលត្រូវដោះស្រាយនេះ ដើម្បីឱ្យបងប្អូនមានឱកាស បានហាត់ប្រាណ និងទិញ-លក់ បន្លែបង្ការ សម្ភារប្រើប្រាស់ ក្នុងការបង្កើនសេដ្ឋកិច្ចគ្រួសារបន្ថែមទៀតផងដែរ។
ប្រជាពលរដ្ឋទាំង៩៨គ្រួសារ បបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងសម្តែងការពេញចិត្ត ដោយត្រេកអរជាខ្លាំង ក្រោយពួកគាត់បានចូលរួមចាប់ឆ្នោតទទួលយកដីឡូតិ៍លំនៅឋាន មានប្លង់កម្មសិទ្ធិស្របច្បាប់ និងត្រៀមរុះរើ ចូលមកសាងសង់ទីលំនៅថ្មី ស្ថិតក្នុងភូមិបឹងយា ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដែលរដ្ឋបាលខេត្ត បានរៀបចំដោះដូរជូន៕

